ព័ត៌មានជាតិ

ញាក់សាច់! ប្រពន្ធដើមប្រពន្ធចុងជួបគ្នា បើកឆាកប្រយុទ្ធ ប្រតាយប្រតប់របួសពេញមុខ ភ្ញាក់ផ្អើលដល់ប្តី ដាក់មេប្រូចបាត់

ភ្នំពេញៈ ស្ត្រីម្នាក់ដែលអះអាងថា ជាប្រពន្ធដើមពេញច្បាប់ និងស្ត្រីម្នាក់ទៀត ត្រូវបានគេស្គាល់ ជាប្រពន្ធចុង ទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិស នាំខ្លួនទៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយគ្នា បន្ទាប់ពីក្រុមគ្រួសារទាំងចុង និងដើម បានឈ្លោះទាស់ទែងគ្នា ឈានដល់ប្រើហិង្សា ប្រតាយប្រតប់ក្រញៅដាច់មុខដាច់មាត់ទាំងសងខាង ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១១និង៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវខាងសារិន ជិតវត្តទួលអស់លោក ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សកែវ ។

ស្ត្រីជាប្រពន្ធដើមមានឈ្មោះ ឈ.រ អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ និងប្តីឈ្មោះ ឈ.វ អាយុ៣៨ មុខរបររត់តាក់ស៊ី ទាំង២នាក់រស់នៅភូមិខ្យោក ឃុំពពឹស ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។ ចំណែកស្ត្រីជាប្រពន្ធចុងមានឈ្មោះ ព.ស អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

បើតាមស្ត្រីជាប្រពន្ធដើម បានឲ្យដឹងថា គាត់ទាំង២នាក់ បានចាប់ដៃគ្នាកសាងគ្រួសារ ដោយម្តាយទុកឪពុកដាក់ រៀបការតាមប្រពៃណីត្រឹមត្រូវ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដែលមកដល់ពេលនេះ មានរយៈពេលជាង១៤ឆ្នាំហើយ ។ ចំណងស្នេហ៍តាមគន្លងអាពាហ៍ពិពាហ៍យើង ទទួលបានកូនប្រុសស្រីជាទីស្រទ្បាញ់ចំនួន៣នាក់ ដែលកូនស្រីច្បងធំជិតពេញវ័យក្រមុំទៅហើយ។

ប្រភពដដែលបន្តថា តាំងពីចាប់ដៃគ្នាកសាងគ្រួសារដ៏តូចមួយនេះមក ពួកគាត់ស្រទ្បាញ់គ្នាណាស់ បាត់មុខគ្នាមិនបានឡើយ ពួកគាត់មានសុភមង្គលណាស់ ដោយប្តីគាត់ ចាប់យកមុខរបរជាអ្នករត់តាក់ស៊ី ចំណែកគាត់នៅផ្ទះមើលថែទាំកូនៗ ។ មុខរបររត់ស៊ី ក៏បានកាក់កបគ្រាន់បើ យើងក៏បានខ្ចីលុយគេបន្ថែម និងមានលុយខ្លួនឯងខ្លះ ទិញរថយន្តម៉ាកសាំយ៉ុងចំនួន១គ្រឿងទៀត សរុប២គ្រឿង សម្រាប់រត់តាក់ស៊ី។ ប៉ុន្តែតាំងពីមុខរបររត់តាក់ស៊ី រាងធូរធារបន្តិច ប្តីគាត់ក៏មករត់តាក់ស៊ីពីភ្នំពេញទៅ ព្រៃវែងបាត់ៗ ព្រលឹមចេញព្រលប់ចូល ជួនកាលដាច់យប់ទៀតក៏មាន ។

ពេលនោះហើយអ្វីៗ ត្រូវប្រែប្រួលអស់រលីង តាំងពីចរិកឫកពាររបស់ប្តីគាត់ ត្រូវផ្លាស់ប្តូរអស់ ហើយភាពរកាំរកូស ឈ្លោះទាស់ទែងខ្វែងគ្នា និងរឿងអបមង្គលបានចូលមក ក្នុងគ្រួសាររបស់គាត់ រហូតឈានដើរដល់ផ្លូវបំបែក ដែលគាត់សង្ស័យថា ប្តីគាត់ច្បាស់ជាមានស្រីថ្មីមិនខាន ។
ដោយសាររស់នៅមិនចុះសម្រុងនិងគ្នាយើង បានប្តឹងលែងលះគ្នា ដល់តុលាការខេត្តព្រៃវែង តាំងពីឆ្នាំ២០១៧។ ក្រោយពីលែងលះគ្នាតុលាការ បានបង្អាក់ទ្រព្យសម្បត្តិរួមទុកដោះស្រាយគ្នា និងសងបំណុលគេ ដែលមានរថយន្តម៉ាក់សាំយ៉ុង២គ្រឿង ប៉ុន្តែត្រូវប្តីរបស់គាត់ លួចយកមកបាត់ជាង៣ឆ្នាំមកហើយ មិនព្រមចូលខ្លួនដោះស្រាយសោះ បើទោះតុលាការកោះហៅឲ្យចូលខ្លួនដោះស្រាយចំនួន២ដងហើយក៏ដោយ ក៏ប្តីគាត់មិនព្រមចូលដែរ ដោយគេចវេះមកសម្ងំឱបស្រីថ្មីនៅភ្នំពេញបាត់រហូតជាង៣ឆ្នាំ ។

នាងប្រពន្ធដើមបន្ថែមថា ក្នុងរយៈពេលកន្លងមកនេះ ខ្លួនក៏បានស៊ើបដឹងស្រីថ្មីរបស់ប្តីគាត់ខ្លះៗដែរ តាមរយៈឆាតហ្វេសប៊ុក ហើយក៏ធ្លាប់ជេរគ្នា ជាមួយប្រពន្ធចុងនោះដែរ ហើយថ្ងៃកើតហេតុ ខ្លួននិងបងប្អូនក្មេងចាស់ប្រុសស្រីចំនួន៧នាក់ បានជិះរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ដើម្បីដើររកប្តីឲ្យយករថយន្តសាំយ៉ុងនោះ ទៅលក់សងបំណុលគេ ហើយក៏មកជួបប្រពន្ធចុង ឈ្លោះជេរប្រតាយប្រតប់គ្នាតែម្តង ។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា រថយន្តទាំង២គ្រឿងនោះ ត្រូវប្តីលក់បាត់មួយគ្រឿងហើយ នៅសល់តែមួយគ្រឿងទេ ហើយពេលឈ្លោះគ្នានោះ ប្តីបានដឹងខ្លួនមុន ក៏ដាក់មេប្រូចបាត់ស្រមោលតែម្តង ទុកឲ្យប្រពន្ធដើម និងប្រពន្ធចុង បើកឆាកប្រយុទ្ធគ្នាបែកផ្សែង រហូតផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍។

បន្ទាប់ពីសមត្ថកិច្ចហៅភាគីទាំង២ ទៅប៉ុស្តិ៍ដើម្បីធ្វើការដោះស្រាយគ្នារួចមក សមត្ថកិច្ចមិនមានការឃាត់ខ្លួន ភាគីណាមួយនោះទេ គឺតម្រូវឲ្យទាំងសងខាង ធ្វើកិច្ចសន្យាផ្តិតមេដៃ បញ្ឈប់ការឈ្លោះទាស់ទែងខ្វែងគំនិតគ្នាបន្តទៅទៀត ហើយរង់ចាំការសម្រេចរបស់តុលាការខេត្តព្រៃវែង ជាអ្នកដោះស្រាយ ៕

មតិយោបល់