ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចបុកម៉ូតូក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

កើតហេតុនៅវេលាម៉ោង២យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ នៅត្រង់ចំណុច ខាងកើតស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិស៊ូជីង ប្រហែល៥០ម៉ែត្រស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-5405 បើកបរដោយឈ្មោះ វ៉ាន់ តាន់ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក រស់នៅក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើត ពេលបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតូច១គ្រឿងម៉ាកតូយូតាកាមរី ពណ៌សំបកឪឡឹក ផលិតឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ2J-4891 អ្នកបើកបរ(ក្តាប់អត្តសញ្ញាណ និងទីលំនៅពុំបាន) បើកបរគោលដៅពីទិសខាងកើតទៅលិច (ច្រាសទិសគ្នា) ហើយបានបុកម៉ូតូខាងលើបណ្តាលឲ្យគ្រោះថ្នាក់តែម្តង។

ប្រភពដដែលបន្តថា ករណីនេះបានបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ វ៉ាន់ តាន់ឆាយស្លាប់នៅកន្លែងកើតហេតុ។ មូលហេតុ ពុំទាន់សន្និដ្ឋានបានថាភាគីខាងណាជាអ្នកបង្ករនោះឡើយ។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូជនរងគ្រោះ ដែលខូចខាតធ្ងន់ ត្រូវសមត្ថកិច យកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយ៕

មតិយោបល់