ភ្នំពេញៈ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពដេញតាមវាយប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចដោយសុវត្ថិភាព កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ ២៧៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ប៊ុន គីមលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជា និស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២២ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស បិតតែមពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CN-9593 ម្នាក់ឯងចេញពីធ្វើការមកផ្ទះនៅសង្កាត់បឹងកក់២ ហើយពេលនោះគាត់ក៏បានធ្វើដំណើរ ចេញពីផ្ទះព្យាយាមទៅផ្ទះមិត្តភក្តិ ដោយបានជិះតាមបណ្ដោយផ្លូវលេខ ៥២៨ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង រួមមាន ម៉ូតូម៉ាកZoomer-X មួយគ្រឿង និងម៉ាកហុងដាឌ្រីមសេ១២៥ មិនចាំស្លាកលេខ ចំណួន១គ្រឿងទៀត បានជិះម៉ូតូដេញតាមគាត់ពីក្រោយ ថែមទាំងស្រែកឲ្យគាត់ឈប់ម៉ូតូភ្លាមៗ បើជនរងគ្រោះមិនឈប់ទេ គេនិងវាយជនរងគ្រោះ ដោយឭបែបនេះ គាត់ស្មានថាជាសមត្ថកិច្ច ព្រោះឃើញមានកាន់អាយកូមគ្រប់គ្នា ពេលនោះក្រុមជនសង្ស័យក៏ជិះម៉ូតូកៀបម៉ូតូរបស់គាត់ឲ្យចូលទៅចិញ្ចើមផ្លូវធ្វើដូចជាឆែកឆេររកគ្រឿងញៀនអ៊ីចឹង ស្រាប់តែភ្លាមៗនោះប ក្ខពួកជនសង្ស័យក៏ស្រែកទារយកសោម៉ូតូពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឲ្យ ជនសង្ស័យនោះក៏យកអាយកូម វាយជនរងគ្រោះបណ្តាលឲ្យត្រូវចង្ការធ្លាក់បែបអាយកូមនោះ នៅកន្លែងកើតហេតុតែម្តង រួចជនសង្ស័យម្នាក់ក៏ឡើងជិះម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាពតែម្ដង។
ក្រោយកើតហេតុហើយនោះ ជនរងគ្រោះបានព្យាយាមរត់ទៅឲ្យគេឯងជួយ ក៏បានឃើញបុរសម្នាក់ ជិះម៉ូតូមិនស្គាលម៉ាក ដែលអះអាងថាជាសមត្ថកិច្ចដែរ ក៏ដឹកជនរងគ្រោះជិះរកមើលម៉ូតូរបស់គេ តែមិនឃើញបុរសនោះក៏ដឹកជនរងគ្រោះមកទម្លាក់កន្លែង ដដែល ហើយជនរងគ្រោះបានទំនាក់ទំនងទៅប្រាប់ ទៅមិត្តភក្តិគេឲ្យដឹងភ្លាម ទើបនាំគ្នាផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ ប៉ុន្តែទោះជាយ៉ាងណាប្រហែល១៥នាទី សមត្ថកិច្ចមូលដ្ឋានម្នាក់ បានជិះម៉ូតូមកសាកសួរជនរងគ្រោះនៅកន្លែងកើតហេតុ ដើម្បីនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១តែម្តង៕
មតិយោបល់