ព័ត៌មានអន្តរជាតិ

រឿងគឃ្លើនបាញ់មីស៊ីលកូរ៉េខាងជើង អង្គការសហប្រជាជាតិ ប្រកាសដាក់ទណ្ឌកម្មថ្មី ហាមឃាត់ការនាំចេញ…

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ បានប្រកាសជាឯកច្ឆ័ន្ទ ចំពោះការដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង ជាមួយនឹងការកាត់បន្ថយប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣ ពាន់លានដុល្លារអាមេរិកពីបណ្ដាលប្រទេសនៅអាស៊ី បន្ទាប់ពីការធ្វើតេស្តសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបជាលើកទី២ របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧។

ទណ្ឌកម្មថ្មីនេះ បានព្រាងទ្បើងដោយសហរដ្ឋអាមេរិក ដើម្បីហាមឃាត់ការនាំចេញធ្យូងថ្ម ដែក រ៉ែដែក សំណ រ៉ែសំណ គ្រឿងសមុទ្ររបស់កូរ៉េខាងជើង ទៅកាន់បណ្ដាលប្រទេសនានា ក្នុងនោះរួមទាំងការហាមឃាត់ចំពោះការ បណ្តាក់ទុនរួមគ្នា និងការវិនិយោគថ្មីៗ នៅក្រៅប្រទេសជាមួយរបបមួយនេះ នាពេលបច្ចុប្បន្នផងដែរ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រាប់ក្រុមប្រឹក្សាថា « យើងមិនគួរបោកខ្លួនឯង ដោយគិតថាយើងបានដោះស្រាយបញ្ហានោះទេ ហើយការគំរាមកំហែងរបស់កូរ៉េខាងជើង នឹងមិនអាចចាកឆ្ងាយពីយើងបានទ្បើយ ដោយវាកំពុងរីករាលដាលយ៉ាងឆាប់រហ័ស»។

លោកស្រីបាននិយាយបន្ថែមទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ ជាមួយកូរ៉េខាងត្បូង ហើយអាមេរិកក៏នឹងបន្តចាត់វិធានការបន្ថែមទៀត ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តរបស់យើង» ៕

មតិយោបល់