ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ ស្លាប់២នាក់យ៉ាងរន្ធត់!

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី៥ ខែសីហាឆ្នាំ២០១៧ នៅចំណុចស្ពានកណ្ដោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង1P-4708 បើកបរពីលិចទៅកើត ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តមិនស្គាល់ម៉ាកពេញទំហឹង បណ្តាលឲ្យឈ្មោះ ហោ ហន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលក្រសាំង ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ខា សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ស្លាប់នឹងកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។

មូលហេតុ អ្នកជិះម៉ូតូបើកបរក្នុងល្បឿនលឿន មិនបើកភ្លើងបំភ្លឺ គ្មានពាក់មួកសុវត្តិភាព។

រីឯវត្តុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់