ព័ត៌មានជាតិ

បើក PassApp លឿនពេក ជ្រុលទៅកុងតឺន័រកំពុងឆ្លងផ្លូវ បណ្ដាលខ្ទាតកង់បីធ្លាក់ប្រឡាយទឹកស្អុយ កៀបស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់បានបើកម៉ូតូកង់បី PassApp យ៉ាងលឿន ជ្រុលទៅបុករថយន្តកុងតឺន័រ កំពុងធ្វើដំណើរឆ្លងផ្លូវចំពីចំហៀង បណ្ដាលឲ្យPassAppខ្ទាតប៉ើងប្រមាណជាង២០ម៉ែត្រ ធ្លាក់ចូលប្រឡាយទឹកស្អុយកៀបជាប់ស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទូកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-9143 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិផ្លូវបេតុងពីលិចទៅកើត បានបត់ស្ដាំឡើងផ្លូវជាតិលេខ៣ ខណ:ពេលនោះមានPassAppមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HO-9175 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនរេពេញផ្លូវ ក៏ជ្រុលទៅបុកទ្វារថយន្តកុងតឺន័រចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បី PassApp ខ្ទាតប៉ើងជាង២០ម៉ែត្រ ធ្លាក់ចូលប្រឡាយទឹកស្អុយកៀបជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ចំណែកតៃកុងរថយន្តកុងតឺន័រ ក៏បានព្យាយាមបន្ថែមល្បឿនរត់បានប្រហែល១០០ម៉ែត្រ ក៏ឈប់រថយន្ត ចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ហើយ ទាក់ទងទៅជំនាញចរាចរណ៍ ឲ្យធ្វើការវាស់វែង យករថយន្តកុងតឺន័រ និងម៉ូតូកង់បី PassApp ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ឲ្យរថយន្តដឹកសព យកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់