អាឡឺម៉ង់: យោងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ Focus Onlineបានរាយការណ៍ដោយលើកឡើងនូវសម្តីរបស់ អ្នកនាំពាក្យប៉ូលិសមួយរូប បានឲ្យដឹងថា សរុបចំនួនមនុស្ស ៣៣នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែរន្ទះបាញ់បានវាយប្រហារ កាលពីយប់ថ្ងៃសៅរ៍ ក្នុងអំឡុងពេលប្រកួតបាល់ទាត់មួយនៅភាគខាងលិចរដ្ឋ Rhineland-Palatinate ប្រទេសអាល្លឺម៉ង់។
របាយការណ៍នេះបានបន្តឱ្យដឹងថា ក្នុងចំណោមចំនួនសរុបអ្នករងរបួសមាន ២៩នាក់ជាកុមារ។ ដោយឡែកមានមនុស្សបីនាក់ ត្រូវបានរងការឈឺចុកចាប់ដោយសាររងរបួសធ្ងន់ធ្ងរ ក្នុងបទ្ទវហេតុនៅទីក្រុង Hoppstaetten នៅភាគខាងលិចរដ្ឋ Rhineland-Palatinate។
លោកអាជ្ញាកណ្តាលទទួលបន្ទុកអង្កេតនៃការប្រកួតកីឡា E-Youth ត្រូវបានរងផលប៉ះពាល់ដោយសារការវាហប្រហាររន្ទះបាញ់ផ្ទាល់។ បន្ទាប់ពីទទួលបានវិធានការសង្គ្រោះមួយចំនួន បុរសមានអាយុ ៤៥ឆ្នាំម្នាក់នេះ ត្រូវបាននាំទៅមន្ទីរពេទ្យ តាមរយៈឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់។ មនុស្សពេញវ័យចំនួនពីរផ្សេងទៀតផងដែរ ត្រូវបានរងរបួសធ្ងន់។
អ្នកនាំពាក្យប៉ូលិសនោះត្រូវបានគេដកស្រង់សម្តីដែលបាននិយាយថា កុមារដែលរងផលប៉ះពាល់នេះត្រូវបានគេឃើញជាក់ស្តែងមិនរងរបួសធ្ងន់។ ទោះជាយ៉ាងណា ពួកគេត្រូវបានយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យបង្ការ។
យោងតាមរបាយការណ៍ខាងលើនេះ ប្រកួតកីឡាបាល់ទាត់ទើបតែបានបញ្ចប់ស្របពេលដែលមានការវាយប្រហាររន្ទះនេះ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅក្នុងការប្រកួតនោះ មិនមានភ្លៀងធ្លាក់នោះទេ ហើយក៏គ្មានមេឃងងឹងផងដែរ ប៉ុន្តែហេតុអ្វីក៏មានរន្ទះបាញ់បែបនេះទៅវិញ ពិតជារឿងចម្លែកមែនទែន។
ក្នុងនាមជាអ្នកឧតុនិយមនៃសេវាកម្មអាកាសធាតុអាល្លឺម៉ង់ ហៅកាត់ថា (DWD) បាននិយាយថា កោសិកាព្យុះបីទ្រទាប់បានប៉ះគ្នានៅក្នុងតំបន់នេះ ដែលវាបង្កឲ្យមានឧបទ្ទេវហេតុនេះ បានកើតឡើង។ DWD បានព្រមានអ្នកស្រុកនៅក្នុងផ្នែកធំនៃរដ្ឋ Rhineland-Palatinate អាចនឹងមានផ្គររន្ទះនាពេលខាងមុខទៀត ដោយមិនដឹងថានៅពេលណានោះទេ គឺវាអាស្រ័យទៅលើបាតុភូតធម្មជាតិ៕
មតិយោបល់