ភ្នំពេញៈ នៅរសៀលថ្ងៃនេះ តារាចម្រៀងនាងពេជ្រ សោភា និងលោកដេវីដ ដែលជាម្ចាស់បទ«រាំញីកែងជើង» បានអះអាងថាខ្លួននឹងទៅដល់ស្ដាតអូឡាំពិកមុនម៉ោង២កន្លះរសៀល ដើម្បីសមបទរាំញីកែងជើង ដើម្បីឲ្យការរាំចង្វាក់ដ៏ធំមួយនេះមានភាពស៊ីសង្វាក់នៅពេលចាប់ផ្ដើម និងក្នុងម៉ោងសម្រាកឲ្យមានភាពទាក់ទាញ។ អ្នកទាំងពីរបានទទូចឲ្យអ្នកស្នេហាវិស័យបាល់ទាត់ និងអ្នកគាំទ្របទ«រាំញីកែងជើង»ទៅដល់ស្ដាតអូឡាពិកនៅក្នុងអំឡុងម៉ោងនោះ ដើម្បីរាំបទរាំញីកែងជើងឲ្យបានកុះករ។ នាងថាការជួបជុំរាំបទរាំញីកែងជើងនៅល្ងាចថ្ងៃអាទិត្យទី២៩ ឧសភានេះ នឹងមានភាពកក្រើកស្ដាតអូឡាពិក ក្នុងចំណោមមហាជនដ៏ច្រើនកុះករ។
ពេជ្រ សោភា និយាយថាការជួបជុំគ្នារាំបទ«រាំញីកែងជើង»ល្ងាចនេះ នឹងក្លាយជាព្រឹត្តិការណ៍ធំមួយ ដែលមានមនុស្សជាអ្នកស្នេហាបាល់ទាត់រាប់ម៉ឺនចូលរួមរាំរែក ដើម្បីជាការលើកទឹកចិត្តដល់ការប្រកួតបាល់ទាត់កម្ពុជារវាងក្រុមកម្ពុជា ប៉ះប្រកួតជាមួយនឹងក្រុមប្រទេសទីម័រ។ នាងថាសកម្មភាពរាំបទរាំញីកែងជើងនឹងចាប់ផ្ដើមតាំងពីម៉ោង២រសៀលនេះ ហើយសកម្មភាពនេះនឹងកាន់តែកក្រើកថែមទៀតក្នុងម៉ោងសម្រាកនៃការប្រកួតរវាងក្រុមទាំង២ ដើម្បីបង្ហាញឲ្យបរទេសដឹងថាខ្មែរក៏មានបទចម្រៀងផ្ទាល់ខ្លួន ក្បាច់រាំផ្ទាល់ខ្លួន និងមានការគាំទ្រដល់វិស័យបាល់ទាត់មិនចាញ់ប្រទេសជាច្រើន។ យ៉ាងណាមិញ គេមិនទាន់ដឹងថាតើនាងនឹងនៅច្រៀងបទរាំញីកែងជើងរហូតដល់ការប្រកួតត្រូវបញ្ចប់ឬយ៉ាងណានោះទេ ក្នុងពេលដែលនាងក៏ត្រូវគេដឹងថាត្រូវចូលរួមក្នុងកម្មវិធី The Voice Cambodia នៅយប់ថ្ងៃអាទិត្យនេះដូចគ្នា៕
https://youtu.be/l40QcGGf4Zs
មតិយោបល់