តាកែវៈ ផ្លូវលំចាប់ពីខាងកើតវត្តអង្គសឹង្ហ រហូតដល់ចំណុចព្រែកធំ រវាងភូមិសីហា ព្រំព្រទល់ជាប់ជាមួយភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រងការខូចខាតជាដំណំ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារមានឡានដឹកដី ដឹកថ្មធំៗ ឆ្លងកាត់ជារៀងរាល់ថ្ងៃ បណ្ដាលឲ្យផ្លូវលំមួយខ្សែនេះ ខូចខ្ទេចស្ទើរគ្មានសល់។ នេះជាការអះអាងរបស់ពលរដ្ឋនៅភូមិសីហា។
បើតាមប្រជាពលរដ្ឋ បានបន្តឲ្យដឹងថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺមេឃភ្លៀងមកម្តងៗ ធ្វើឲ្យលិចផ្លូវ លិចជង្ហុគ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងថែមទៀតផង។ លើសពីនេះ គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកអភិបាលស្រុកបាទីឡើងតំណែងថ្មី គឺមិនមានការស្ថាបនាសោះ ហើយថែមទាំងមានភាពអសន្តិសុខដល់មូលដ្ឋានផងដែរ។
បញ្ហាផ្លូវខូច និងធ្វើឲ្យភ្លៀងមកលិចផ្លូវនេះ ត្រូវប្រជាពលរដ្ឋលើកឡើងថា ដោយសារគ្មានប្រព័ន្ធលូហូរឆ្លងកាត់ដើម្បីរំលោះទឹក បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋដែលសាងសង់ទាបជាងផ្លូវនោះរងការលិចលង់។
ប្រជាពលរដ្ឋក៏បានអំពាវនាវឲ្យលោកអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធ មេត្តាមានវិធានការរកដំណោះស្រាយរឿងនេះឲ្យបានឆាប់ផង៕
មតិយោបល់