ភ្នំពេញៈ ចេញផ្សែងហុយៗ និងលាយដោយអណ្តាតភ្លើងផងនោះបានឆេះរាលដាលរហូតដល់ដាច់ខ្សែកាបពីបង្គោលធ្លាក់លើផ្លូវពលរដ្ឋសង្ស័យថាឆ្លងចរន្តភ្លើងហើយនាំគ្នាភ័យឆោឡោខ្លះយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់។
ហេតុការភ័យស្លន់ស្លោខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៤៦ ភូមិ១១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋដែលនៅកន្លែងកើតហេតុខ្លះបានឲ្យដឹងថាគាត់មិនដឹងច្បាស់ថាមកពីហេតុអ្វីនោះទេព្រោះមានតែផ្នែកជំនាញខាងភ្លើងទេទើបអាចដឹងច្បាស់ តែពួកគាត់សង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តភ្លើងហើយមើលទៅនោះ ទើបបណ្តាលឲ្យមានផ្សែងហុយៗ និងអណ្តាតភ្លើងយ៉ាងនេះ។
មន្ត្រីសាលាសង្កាត់ផ្សារដេប៉ូ២ម្នាក់ បានឲ្យដឹងថាហេតុដែលបណ្តាលឲ្យមានអគ្គិភ័យឆេះខ្សែភ្លើង និងខ្សែកាបនេះគាត់សង្ស័យថាអាចបណ្តាលមកពីខ្សែកាប ដែលគេប្រើអ៊ីនធើណេតហើយវាក្តៅទើបបង្កឲ្យឆេះច្រើនជាង។
តែទោះជាយ៉ាងណាការភ័យស្លន់ស្លោរបស់ពលរដ្ឋដែលបណ្តាលមកពីបញ្ហាខាងលើ ក៏បាត់ភ័យភ្លាមវិញដែរ ព្រោះពួកគាត់ខ្លះបានយកបំពង់ពន្លត់អគ្គិភ័យមកពន្លត់ជាង២០បំពង់ ភ្លើងដែលឆេះរាលដាលរហូតដល់ធ្លាក់ខ្សែពីបង្គោលមកលើផ្លូវ ក៏រលត់ទៅវិញភ្លាមៗដោយមានរយៈពេលជាង១០នាទីប៉ុណ្ណោះ។
ខណៈនោះក៏មានអជ្ញាធរមូលដ្ឋាន និងនគរបាលមូលដ្ឋានក៏យកចិត្តទុកដាកទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហើយពួកគាត់បានទំនាក់ទំនងទៅមន្ត្រីជំនាញខាងប្រព័ន្ធភ្លើងឲ្យទៅរកមូលហេតុពិតនៃការឆេះនេះផងដែរ៕
https://youtu.be/xurCn9Mf5PY
មតិយោបល់