ព័ត៌មានជាតិ

សមត្ថកិច្ច​ធ្វើការបង្ហាញមុខក្រុមចោរឆក់យ៉ាងសកម្មចំនួន ៤នាក់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមចោរឆក់ចំនួន ៤នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូបបុរសជនជាតិកូរ៉េ កាលពីប៉ុន្មានថ្ងៃមុន។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៦ព្រឹក មានជនសង្ស័យចំនួន ៤នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសជនជាតិកូរ៉េម្នាក់ នៅចំណុចម្តុំផ្សារតាប៉ាង ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯសម្ភារៈបាត់បង់រួមមាន ប្រាក់ដុល្លារចំនួន ២២៨០០ដុល្លារ (ពីរម៉ឺនពីរពាន់ប្រាំបីរយដុល្លារ) កាបូបស្ពាយពណ៌ខៀវ ចំនួនមួយ,កិច្ចសន្យាទិញ+លក់ដី មួយច្បាប់, លិខិតកក់ប្រាក់ទិញផ្ទះមួយច្បាប់ និងកាត ATM មួយចំនួន។

លោក អេង សោភា បានបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើរួចមក និងមានការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញរបស់លោក បានធ្វើការស្រាវជ្រាវរហូតឈានដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ៥ល្ងាច ទើបសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់នៅចំណុចស្ថានីយ៍ប្រេងតេលា ម្តុំវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយក្នុងនោះ សមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាក ហុងដា ឌ្រីមសង់ សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-8637 (ម៉ូតូជិះធ្វើកម្មភាព),កាបូបស្ពាយរបស់ជនរងគ្រោះចំនួនមួយ ក្នុងនោះមានឯកសារពាក់ព័ន្ធមួយចំនួន និងដកហូតប្រាក់ចំនួន ៩៤០០ដុល្លារ (ប្រាំបួនពាន់បួនរយដុល្លារ), កិច្ចសន្យាទិញ+លក់ដី មួយច្បាប់,លិខិតកក់ប្រាក់ទិញផ្ទះ មួយច្បាប់ និងកាត ATM មួយចំនួន។

លោកបន្តទៀតថា ជនសង្ស័យទាំង ៤នាក់ខាងលើ ទី១-ឈ្មោះ វ៉ា គីមហ័រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ,ទី២-ឈ្មោះ ទូច ម៉េងហ័ង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នអ្នកទាំង ២នាក់មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ,ទី៣-ឈ្មោះ ជ័យ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ០៣១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ និងទី៤-ឈ្មោះ រិន ចាន់ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ David Zhou ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិកូរ៉េ មានទីលំនៅផ្ទះលេខ១១២ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

ក្រោយពីធ្វើការបង្ហាញមុខរួចមក សមត្ថកិច្ចយើងបានបញ្ជូនខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់