បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿងបើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូស្មាស់វី ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរួចកិនលើខ្លួនជនរងគ្រោះអូសជាច្រើនម៉ែត្រ ខ្ទេចខ្លួនមើលលែងយល់ ថែមទាំងបន្តល្បឿនបើកគេចខ្លួនបាត់បន្ថែមទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកកុងតឺន័រ (មិនស្គាល់ភិនភាគ) អ្នកបើកបរជិះរត់គេចខ្លួន ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន រហូតដល់ចំណុចកើតហេតុខាងលើក៏បុកប៉ះម៉ូតូ១គ្រឿងទៀតម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-6166 បណ្តាលឲ្យអ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់សាវតា) ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកចាត់ការតាមនិតិវិធី។ ចំណែកសាកសពជនរងគ្រោះខាងលើ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់