ព័ត៌មានជាតិ

ប្លន់ទៀតហើយក្នុងទឹកដីទួលសង្កែ ដោយមិនរំខានសមត្ថកិច្ចឡើយ

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានចោរមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង មកជិត ហើយដកកាំភ្លើងភ្ជង់ និងវាយប្លន់យកម៉ូតូបានសម្រេច ដោយមិនបានរំខានដល់សមត្ថកិច្ចឡើយ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើឡើងកាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចជាប់របងវត្តទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ឌួង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយវត្តទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិនរាយណ៍ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមសម្ដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌្មខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1B-4542 ដោយជិះចេញពីផ្ទះបងនៅម្តុំកន្លែងវាយកូនហ្គោល ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីយកម៉ូតូមកឲ្យប្អូនប្រុសវិញ ឈ្មោះ ញ៉ែម ហោស៊ី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅក្នុងវត្តសារ៉ាវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលជិះម៉ូតូបានពាក់កណ្ដាលផ្លូវម្តុំរបងវត្តទួលសង្កែ ស្រាប់តែមានចោរប្លន់មួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង មិនចាំម៉ាក បានជិះម៉ូតូមកជិតរួចបានដកកាំភ្លើងភ្ជង់ប្លន់ ព្រមទាំងបានវាយទៅលើរូបគាត់ និងប្លន់យកម៉ូតូទៅយកបាត់ ដោយមិនបានរំខានដល់សមត្ថកិច្ចនោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅម្តុំនោះបានប្រាប់ឲ្យដឹងទៀតថា នៅក្នុងភូមិសាស្ត្រខាងលើនេះ គឺជាកន្លែងដែលស្មុគស្មាញណាស់ មិនដែលឃើញមានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានណាជិះល្បាតក្នុងភូមិសាស្ត្រនេះទេ។

ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់រស់នៅរាល់ថ្ងៃនេះ មានការភ័យខ្លាចខ្លាំងណាស់ ដោយសារតែកើតមានករណីប្លន់វាយគ្នា ជាពិសេសទៅទៀតនោះ មានក្រុមអ្នកលក់ថ្នាំញៀនជាច្រើននាក់ បានអង្គុយលក់ ដោយគ្មានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ ហ៊ានចាត់ការនោះឡើយ។ រាល់ថ្ងៃប្រជាពលរដ្ឋខ្វះភាពកក់ក្តៅណាស់ ដោយសារតែសមត្ថកិច្ចមូលដ្ឋាន តែបើមានកើតរឿងអ្វីមួយនោះ មិនទាន់ឃើញមានសម្ថកិច្ចមកដល់នោះទេ ទាល់តែជនរងគ្រោះទៅបាត់ ទើបសមត្ថកិច្ចមកដល់កន្លែងកើតហេតុ។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងកំណត់មុខសញ្ញាខាងលើនេះ៕

photo_2016-05-30_11-48-00

photo_2016-05-30_11-48-02

មតិយោបល់