ព័ត៌មានជាតិ

ផ្ញើកូននឹងស្ទាវក្នុងភូមិ ត្រូវគេអារ.កសម្លាប់

បាត់ដំបង: កុមារាមានតែអាយុ៤ឆ្នាំម្នាក់ ត្រូវបានឃាតករអារ.កសម្លាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវជាទីបំផុត ខណ:ដែលឪពុកម្តាយមានរវល់ទៅខេត្តបាត់ដំបង ដោយបានផ្ញើកូននៅជាមួយក្រុមយុវជនស្ទាវៗ ដែលរស់នៅក្នុងភូមិជាមួយគ្នា។ ទីបំផុតកូនប្រុសត្រូវបានក្រុមក្មេងពាលទាំងនោះអារ ក សម្លាប់តែម្តងនៅក្នុងផ្ទះ ហើយនាំគ្នាគេចខ្លួនបាត់អស់រលីង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ចំណុចក្រុមទី៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបង្កឡើងដោយឈ្មោះ ប៊ូ ហិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រួមនឹងបក្ខពួកចំនួន២នាក់ទៀត ដែលមានឈ្មោះ មិត្ត ប៉ុច ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង មកស្នាក់នៅក្នុងភូមិព្រៃធំ និងម្នាក់ទៀត ឈ្មោះ ប៉ង់ ភេទប្រុស អាយុ២០ឆ្នាំ រីឯកុមារារងគ្រោះមានឈ្មោះ ខា បញ្ញាន ភេទប្រុស អាយុ៤ឆ្នាំ បណ្តាលឲ្យស្លាប់។

តាមការរៀបរាប់ពីឪពុកម្តាយក្មេងរងគ្រោះឈ្មោះ ចយ ខា អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ អ៊ុង អន អាយុ៥០ឆ្នាំ បាននិយាយថា នៅល្ងាចមុនពេលកើតហេតុ គឺពួកគេមានធុរ:ចាំបាច់ត្រូវធ្វើដំណើរឡើងទៅកាន់ខេត្តបាត់ដំបង ហើយក៏បានផ្ញើកូនប្រុសឲ្យនៅជាមួយនឹងក្មេងនៅក្នុងភូមិ។ លុះពេលត្រឡប់មកវិញ នាព្រឹកថ្ងៃទី៣០ ខែឧសភានេះ ក៏ស្រាប់តែបានប្រទះឃើញកូនប្រុសរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មទៅហើយ ទើបខ្លួនដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យតាមរកចាប់ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រោយពេលស្រាវជ្រាវសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនដៃដល់បានម្នាក់ ឈ្មោះ ប៊ូ ហិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ម៉្យាងដោយជននេះ មានលក្ខណ:ជាមនុស្សបែកថ្នាំផង ទើបសមត្ថកិច្ចបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាន ដោយគេបានសារភាពថា នៅយប់នោះ ពួកខឹងសម្បាយ៉ាងខ្លាំង ដោយសារតែក្មេងប្រុសរូបនេះយំខ្លាំងពេក ទោះលួងយ៉ាងណាក៏មិនបាត់យំ ដោយសារតែដេកមិនបានផង ខ្លួនក៏បានទាញយករណាអារទឹកកកមកអារ.កសម្លាប់តែម្តង ដើម្បីឲ្យវាបានស្ងាត់មាត់។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ មានបន្សល់នូវដាវសាំម៉ូរ៉ៃមួយដើម និងរណាអារទឹកកកមួយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការតាមដានរកមុខសញ្ញា និងបក្ខពួករបស់ជនសង្ស័យបន្ថែមទៀត ដើម្បីកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

photo_2016-05-30_12-06-38

photo_2016-05-30_12-06-40

photo_2016-05-30_12-06-42

photo_2016-05-30_12-06-44

មតិយោបល់