ភ្នំពេញៈ ផ្អើលទាំងព្រឹក មានករណីទុស្សេខ្សែភ្លើងម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់កន្លែងដាក់អង់តែងរបស់ក្រុមហ៊ុន Metfone កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅក្រុម៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ការទុស្សេនេះមិនដឹងមកពីមូលហេតុអ្វីនោះទេ នៅសុខៗក៏ស្រាប់ឭសូរសម្លេងផ្ទុះចេញពីក្នុងបន្ទប់រួចមកក៏មានផ្សែងខ្មួរខ្មាញ់ហុយចេញពីខាងក្នុងតែម្តង ដោយសភាពបែបនេះប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុក៏បាននាំគ្នាស្លន់ស្លោរ និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ រួចនាំគ្នាជួយពន្លត់យ៉ាងដុតដៃដុតជើង ដោយប្រើបំពង់ពន្លត់អគ្គិភ័យផង នាំគ្នាបាញ់ទឹកផង ទើបគ្រប់គ្រងការឆេះនេះបានត្រឹមរយៈពេលប្រហែល១៥នាទី ទើបរលត់ទៅវិញជាស្ថាពរ។
ការទុស្សេខាងលើមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែមានការខូចខាតសម្ភារៈដូចជាម៉ាស៊ីនត្រជាក់ និងសម្ភារៈដែលក្រុមហ៊ុនរក្សាទុកនៅទីនោះផ្សេងៗ ទៀតដែលទុកសម្រាប់ធ្វើការនៅទីនោះ៕
មតិយោបល់