ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានលើកយកសំណុំរឿង លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលត្រូវបានដើមបណ្តឹងឈ្មោះលោកស្រី លឹម ឃី និងម្ចាស់ភាគហ៊ុន ៩នាក់ទៀត ប្តឹងថា បានក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង លួចយកដីទំហំ ១៤៧ហិតា ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដីខាងលើនេះ ដើមបណ្តឹងបានទិញ ពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង នៅអំឡុងឆ្នាំ១៩៩៥ ប៉ុន្តែនៅឆ្នាំ២០១៣ ដីទំហំ ១៤៧ហិកតានោះ ត្រូវបានលោកជំទាវឧកញ៉ា សៀង ចាន់ហេង លួចលក់ឲ្យទៅឈ្មោះ គង់ សែន ជាប្តី និងឈ្មោះ នី គឹមអ៊ាន់ ជាប្រពន្ធ ដោយប្រើប្រាស់ឯកសារក្លែង។
យោងតាមលោក ធុយ សុគន្ធ មេធាវីការពារក្តីដើមបណ្ដឹង បានថ្លែងថា កូនក្តីរបស់លោកបានប្តឹងទាមទារ សំណងចំនួន ១លានដុល្លារ និងទាមទារដី ១៤៧ហិកតាមកកាន់កាប់វិញ។
ទោះជាយ៉ាងណា លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះ ទៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦វិញ៕
មតិយោបល់