ព័ត៌មានជាតិ

រថយន្តស្ទូចខ្នាតយក្សបុកនិងកិនម៉ូតូអូសខាងក្រោមរថយន្តប្រហែលជាង២០ម៉ែត្រ បុរស២នាក់របួសធ្ងន់ស្រាល

ភ្នំពេញៈ រថយន្តស្ទូចខ្នាតយក្សមួយគ្រឿង កិនម៉ូតូមួយគ្រឿងចូលក្រោមរថយន្ត អូសប្រមាណជាង២០ម៉ែត្រទៅមុខលែងរួច បណ្តាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូខ្ទាតចេញរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយវិថីហាយណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តស្ទូចប្រភេទយក្សធន់ធ្ងន់ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-5568 តៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ចំណែកម៉ូតូហុងដាឌ្រីម ២០១៣ ដែលនៅខាងក្រោមរថយន្តនោះ គឺមិនត្រូវបានឃើញស្លាកលេខនោះទេ ធ្វើដំណើរដោយបុរស២នាក់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ខាងលើជិះដោយបុរស២នាក់ ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងចូលគន្លងផ្លូវម៉ូតូ ស្របពេលនោះគឺមានរថយន្តបង្កខាងលើ មកពីក្រោយបើកស្របទិសគ្នា ពេលដល់កន្លែងកើតហេតុ ស្រាប់តែឃើញរថយន្តបន្ថែមល្បឿន បណ្តាលឲ្យបុកនិងកិនម៉ូតូ អូសប្រមាណជាង២០ម៉ែត្រ។ ចំណែកជនរងគ្រោះបានខ្ទាតចេញពីម៉ូតូបណ្តាលឲ្យរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ចំណែករថយន្តទៅមុខលែងរួច តៃកុងរថយន្តបានដាក់មេប្រ៉ូចបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចបានធ្វើការវាស់វែងហើយយកទៅរក្សាទុកបណ្តោះអសន្ន ដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយតាមផ្លូវច្បាប់៕

មតិយោបល់