ព័ត៌មានជាតិ

អាជ្ញាធរស្រុកស្វាយទាបមិនអើពើនិងសំរាមគរក្នុងព្រែកប្រសូត្រ

ស្វាយរៀងៈ សំរាមនៅក្រោមស្ពានឡើងគរដូចភ្នំយ៉ាងអាណាធិបតេយ្យពុំដែលមានអាជ្ញាធរពាក់ព័ន្ធចុះមកពិនិត្យមើលសោះ បណ្តោយឲ្យសំរាមគរស្ទើរតែលុបព្រែកបាត់ទៅហើយ។ ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរស្រុកថា មិនដែលមានចាត់វិធានការទប់ស្កាត់ចំពោះអ្នកចាក់សំរាមនោះទេ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា សំរាមដែលគេយកមកចាក់នោះភាគច្រើននៅពេលយប់ គឺដឹកតាមម៉ូតូ ឬកង់យកមកចាក់ចូលព្រែកប្រសូត្រពីលើស្ពានប្រសូត្រតែម្តង។ សំរាមដែលគេចាក់ចូលព្រែកនោះមានក្លិនស្អុយ និងចេញទឹកខ្មៅដែលបង្កឲ្យមានប៉ះពាល់ដល់ទឹកព្រែកមួយនេះ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ និងសត្វពាហនៈផងដែរ។ ម៉្យាងវិញទៀតការចាក់សំរាមជារៀងរាល់ថ្ងៃ វាធ្វើឲ្យព្រែកនេះកាន់តែរាក់ទៅៗ បើគ្មានការគិតគូរពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះទេ។

ប្រភពដដែលបានឲ្យដឹងទៀតថា មិនត្រឹមតែបញ្ហាគំនរសម្រាមនោះទេ ព្រែកប្រសូត្របច្ចុប្បន្ន គឺមានសភាពរាក់អាចដើរឆ្លងបាននារដូវប្រាំង ព្រមទាំងត្រូវបានរុក្ខជាតិដុះស្អេកស្កះគ្មានអ្នកជួយឈឺឆ្អាលនោះទេ ហើយអាចប្រឈមទៅនឹងបញ្ហាខ្វះប្រភពទឹកជាក់ជាពុំខាន។

ពាក់ព័ន្ធករណីនេះ លោក សំ ថា អភិបាលស្រុកស្វាយទាបបានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថា ព្រែកប្រសូត្រនេះនាពេលកន្លងមកលោកបានធ្វើការហាមឃាត់មិនឲ្យយកសំរាមមកចាក់នោះទេ ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកសំរាមមកលួចចាក់នៅទីនេះ។

ហើយក៏មានអ្នកខ្លះមិនព្រមបង់ថ្លៃសេវាដឹកជញ្ជូនសំរាមនោះដែរ ព្រោះនៅស្រុកស្វាយទាបក៏មានក្រុមហ៊ុនសំរាប់ដឹកជញ្ជូនសំរាមផងដែរ។ ដោយក្នុងមួយខែតម្លៃ៦០០០រៀលប៉ុណ្ណោះ។ ដោយឡែកបញ្ហាកំប្លោក លោក សោម សុធា ថា លោកនឹងជួយស្តាចេញប៉ុន្តែមិនអាចយកចេញបាននោះទេ ដោយសារកំប្លោកបានចាក់ឬសជាប់និងដី ដូច្នេះហើយយើងពុំមានឧបករណ៍យកកំប្លោកចេញនោះបានទេ។ លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងបានឲ្យដឹងថា កន្លងមកលោកប្រាប់ទៅលោកឃុំនិងខាងសាលាស្រុកស្វាយទាបអំពីបញ្ហាសំរាមនៅក្រោមស្ពានប្រសូត្រ៣ដងរួចមកហើយដែរ ព្រមទាំងបានទៅធ្វើពិធីបរិស្ថានអនាម័យឲ្យមើលថែមទៀតផង ប៉ុន្តែមិនដឹងយ៉ាងមិចខាងឃុំស្រុកហាក់ដូចជាមិនសូវចូលរួមសហការនោះទេ។ លោកប្រធានមន្ទីរបានបន្តឲ្យដឹងទៀតថាតាមអនុក្រិតលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម គឺខាងក្រុង-ស្រុកជាអ្នកគ្រប់គ្រង ដូច្នេះហើយលោកនិងចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមើលម្តងទៀតនាពេលឆាប់ៗខាងមុខនេះ ព្រោះបញ្ហាសំរាមវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់៕

photo_2016-05-30_17-09-32photo_2016-05-30_17-09-35photo_2016-05-30_17-09-40

មតិយោបល់