កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះនិងត្បូងចប បណ្តាលឲ្យស្លាប់។
នៅវេលាម៉ោង១០ និង៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់ នៅចំណុចចំការកៅស៊ូភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាលោកស្នងការរង ហេង វុទ្ធី ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុក ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។
ក្រោយការពិនិត្យជនរងគ្រោះឈ្មោះ ភី បូរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិចេកជ្វា ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាកម្មករចំការកៅស៊ូ នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវបានជនសង្ស័យ វាយដោយត្បូងចប ត្រូវចំក្បាលច្រើនកន្លែង បណ្តាលឲ្យស្លាប់ (បន្សល់ទុកចបកាប់១មានត្បូងប្រឡាក់ឈាម)។
ករណីនេះសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យដៃដល់បានហើយ លោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំង លោកស្នងការរង ហេង វុទ្ធី ទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញ ដឹកនាំកម្លាំងចេញសហប្រតិបត្តិការជាមួយអង្គភាពពាក់ពន្ធ័ តាមប្រមាញ់ជនសង្ស័យ ដែលកំពុងរត់គេចខ្លួន។ រហូតដល់ម៉ោង៦ និង៥០នាទីយប់ ថ្ងៃខែដដែល សមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្សយ័ដៃដល់ ឈ្មោះ ម៉េង ចាន់ថា ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មកធ្វើជាកម្មករចំការកៅស៊ូនៅភូមិឃុំកើតហេតុខាងលើ។
ជនសង្សយ័បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំឯកសារ និងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់