ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ុបពី វះកាត់អស់ជាង២ម៉ឺន ប្រកាសថារាងកាយស្អាតស៊ិចស៊ីពេញលេញ!

ខុសពីនារី ឬតារាភេទទី៣មួយចំនួនដែលឆ្លងកាត់ការវះកាត់កែភេទ និងប្ដូរដាក់ដើមទ្រូងច្រើនជាង ហើយអះអាងថានៅមិនទាន់គ្រប់គ្រាន់ សម្រាប់តារាសម្ដែង និងជាពិធីការិនីក្រមិចក្រមើមនាងប៉ុបពី បានអះអាងថាការវះកាត់របស់នាងត្រឹម២ដំណាក់កាលអស់ជាង២ម៉ឺនដុល្លារគឹគ្រប់គ្រាន់តែម្ដង។

ក្រៅពីជឿជាក់ថាស៊ីលីកូនដែលនាងបានវះកាត់មិនមានបញ្ហាអស់មួយជីវិត នាងថាក៏មុខកាំបិតដែលបានប្ដូរខ្លួននាងពីប្រុសមកជាស្រីនៅក្នុងពេលនេះ ក៏ធ្វើឲ្យនាងស្រស់ស្អាត និងមានរាងកាយស៊ិចស៊ីមិនខុសពីនារីស្រស់ស្អាតនោះដែរ ទើបនាងតែងតែបង្អួតសម្រស់រាងកាយ និងដើមទ្រូងនៅលើហ្វេសប៊ុក។

ប៉ុបពីនិយាយថា នាងបានឆ្លងកាត់ការវះកាត់កែភេទ ត្រឹមតែម្ដងគត់ ក៏បានជោគជ័យ ដោយមិនមែនវះកាត់ម្ដងហើយម្ដងទៀតដូចអ្វីដែលបានលើកឡើងនោះទេ។

ប៉ុន្តែនាងបានសារភាពដោយត្រង់ថា បានវះកាត់កែដើមទ្រូងរហូតដល់ទៅ២ដង ទម្រាំតែបានដើមទ្រូងតឹងណែនដូចសព្វថ្ងៃ បើធៀបនឹងការវះកាត់កាលពីលើកទី១គឺសឹងធ្វើឲ្យនាងមិនហ៊ានបង្អួតសម្រស់ដើមទ្រូងនោះ។

នាងថាខ្លួនបានចំណាយសរុបប្រមាណជាជាង២ម៉ឺនដុល្លារ ដោយមិនមានគម្រោងវះកាត់ផ្លាស់ប្ដូរស៊ីលីកូនចេញនោះទេ ដោយសារតែនាងបានប្រើស៊ីលីកូនដែលល្អ ដែលអាចធានាមិនប៉ះពាល់សុខភាពអស់មួយជិវិត។ នាងថាពាក់ព័ន្ធនឹងការចំណាយលើដើមទ្រូង និងដងខ្លួន លែងមានទៀតហើយ ដោយសារតែនាងយល់ថាស្រស់ស្អាតគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ផ្ទៃមុខគឺនៅតែបន្តដោយនាងត្រូវបន្តចាក់ប៊ូថុកដើម្បីឲ្យស្បែកមុខតឹងណែន និងប្រើថ្នាំដើម្បីឲ្យស្បែកមុខនៅក្មេងជាងវ័យដូចអ្វីដែលនារីភាគច្រើនបន្តថែទាំដូចគ្នានោះដែរ។

នាងថាបើនិយាយពីរាងកាយ និងសម្រស់ផ្ទៃមុខគឺមិនមានចំណុចណាមួយមិនដូចស្រីនោះទេ ប៉ុន្តែអ្វីដែលនាងមិនមានសំណាងគឺមិនមានបុរសណាម្នាក់ជ្រើសនាងយកធ្វើជាភរិយាដូចស្រីស្អាតទូទៅ។

នាងថាមិនចង់បានប្រុស១ប្រុស២នោះទេ ប៉ុន្តែមកពីបុរសទាំងនោះមិនព្រមទទួលយកនាងឲ្យបានជាប់លាប់ ទើបចេះតែមានព័ត៌មានថានាងនារីសម្បូរស្នេហ៍ និងប្ដូរពីប្រុសមួយទៅប្រុសមួយ។

នាងនៅតែប្រកាសរៀបការបើមានបុរសណាម្នាក់សុខចិត្តជ្រើសនាង បើទោះជានាងមិនរំពឹងថានឹងមានថ្ងៃនោះក្នុងពេលខាងមុខ៕

https://youtu.be/zyvDHV2Itts

មតិយោបល់