ព័ត៌មានជាតិ

ក្រុមចោរដៃស្អិត ឆក់កាបូបពីស្រីស្អាតជាបុគ្គលិកខារ៉ាអូខេ ម៉ូឌែនស៊ីធី អត់បានសម្រេច សាច់កម្មត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានទាំងយប់

ភ្នំពេញៈ កម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងល្បាតនគរបាលប៉ុស្តិ៍កាកាបបានដេញបង្ក្រាបចាប់ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មបានចំនួន២នាក់ភ្លាមៗ ក្រោយពីធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ តែមិនបានសម្រេច ក៏ត្រូវជនរងគ្រោះស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅវេលាម៉ោង២និង១៥នាទីយប់ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវចូលទ័ពអាកាសពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បូរមី ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ ម៉ូឌែនស៊ីធី ជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១មានឈ្មោះ មាស រ័ត្ន អាយុ១៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យទី២មានឈ្មោះ ស៊ឹម ពេជ្រ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលធ្វើសកម្មភាពម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-8926 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានចេញធ្វើការដោយជិះម៉ូតូជាមួយនារីម្នាក់ទៀត តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់កន្លែងកើតហេតុ កែងផ្លូវចូលទ័ពអាកាស ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ជិះម៉ូតូមកក្បែរ រួចលូកដៃឆក់កាបូប តែត្រូវរ៉ូតកាបូបនាងទើបឲ្យនាងដឹងខ្លួន ក៏ឆក់មិនបានសម្រេច ជាហេតុធ្វើឲ្យពួកនាងស្រែកចោរៗផ្អើលដល់សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដែលកំពុងល្បាតដេញចាប់ភ្លាមៗតែម្តង។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតនគរបាលប៉ុស្តិ៍កាកាប សហការជាមួយកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែជិះល្បាតការពារក្នុងមូលដ្ឋាន នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែឭជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងបានធ្វើការដេញតាមពីក្រោយជនសង្ស័យ រហូតដល់ម្តុំក្រោយសាកលវិទ្យាល័យបុរី១០០ខ្នង ក៏ជនសង្ស័យផ្តួលម៉ូតូរត់ចូលដីឡូមួយកន្លែង តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចយើងមានច្រើនគ្រប់គ្រាន់ រុករក ក្របួចបានទាំង២នាក់នេះយកមកសួរនាំនៅប៉ុស្តិ៍កាកាប។

បច្ចុប្បន្នសង្ស័យទាំង២ នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប កំពុងសាកសួរនិងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់កាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីឃុំខ្លួនរងចាំថ្ងៃឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់