ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានរអិលជើងធ្លាក់ពីជាន់ទី២ បែកក្បាលហូរឈាមស្រោចពេញដីស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ខណៈដែលរូបគាត់ជាមួយនិងមិត្តរួមការងារចំនួន២នាក់ទៀត បានឡើងទៅធ្វើការជួសជុលផ្ទះល្វែងមួយកន្លែង ដោយខ្វះការប្រុងប្រយ័ត្ននោះ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥នាទីព្រឹក ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ៩០៧ ផ្លូបបេតុង ក្នុងបុរី ៩៩៩ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ស៊ុត បឿត អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រែកកេះ ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ មុនពេលកើតហេតុ បុរសរងគ្រោះបានឡើងទៅធ្វើការជួសជុលផ្ទះល្វែងកើតហេតុខាងលើនៅជាន់ទី២ ជាមួយនិងមមិត្តរួមការងារចំនួន ២នាក់ទៀត ពេលនោះរូបគាត់ក៏បានកាន់ម៉ូទ័រកាត់ឈើ និងឈើចំនួន២កំណាត់ទៅធ្វើរ៉តយោងសម្ភារៈ ក៏ស្រាប់តែរអិលជើងធ្លាក់មកក្រោមបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង ជំនាញបានចុះមកធ្វើការត្រួតពិនិត្យ និងកោសលវិច្ច័យ នៅកន្លែងកើតហេតុបានឃើញ បុរសរងគ្រោះពិតជាស្លាប់ដោយតែការរអិលជើងធ្លាក់ពីលើជាន់ទី២ បណ្តាលឲ្យបែកក្បាលស្លាប់ពិតប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតវិញ៕
មតិយោបល់