ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នា៤នាក់បើកពេលយប់គ្មានភ្លើងបំភ្លឺ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលបាក់ជើង៤នាក់

បន្ទាយមានជ័យៈ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសធ្ងន់ចំនួន៤នាក់រណោករណែលពេញស្នាមភ្លោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះម៉ូតូឌុបគ្នា៤នាក់បើកពេលយប់គ្មានភ្លើងបំភ្លឺត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យរបួសបាក់ជើង៤នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៧ នៅចំណុចគោកខ្វាវ ស្ថិតនៅភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក សៅ សាន្ត ប្រធានស្នាក់ការសន្តិសុខ៩៩៩ បានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ឆៃ ជីវៃ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក (របួសបាក់ជើងខាងឆ្វេង), ទី២- ឈ្មោះ ញឹប ចន្ទ្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក (របួសបាក់ជើងខាងឆ្វេង) ,ទី៣-ឈ្មោះ ថា រ៉េន ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក(របួសបាក់កដៃខាងឆ្វេង) និងទី៤-ឈ្មោះ ទិត្យ ពិឆើត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក (របួសបាក់ជើងខាងឆ្វេង)។

លោកអនុសេនីយ៍ឯក សៅ សាន្ត បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះមានរថយន្តកាមរីឆ្លាម ពណ៌ឆ្លូញ ស៊េរី១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ2A-2545 បើកបរដោយឈ្មោះ មិត្ត ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំរស់នៅ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកពីជើងទៅត្បូងក្នុងល្បឿនលឿនបើកក្នុងសភាពមេឃងងឹត លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកនិងម៉ូតូ១គ្រឿងពេញទំហឹង ដែលមានអ្នកជិះដល់ទៅចំនួន៤នាក់ បើកនៅពេលយប់មិនមានភ្លើងបំភ្លឺ មិនពាក់មួកសុវតិ្តភាព បណ្តាលឲ្យទាំងរថយន្តនិងម៉ូតូធ្លាក់ទៅស្នាមភ្លោះរបួសទាំង៤នាក់ធ្ងន់។

លោកអនុសេនីយ៍ឯក សៅ សាន្ត បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុ រួចជនរងគ្រោះទាំង៤នាក់ ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដោយរបួសអ្នកទាំង៤នាក់នោះធ្ងន់ពេកក្រុមគ្រូពេទ្យបន្តបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។ ចំណែករថយន្តនិងម៉ូតូ កម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់