(ភ្នំពេញ)៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានហាមប្រាម អគ្គនាយកពន្ធនាគារទើបទទួលការតែងតាំងថ្មី មិនឲ្យយកសិទ្ធអំណាចគណៈកម្មការអន្តរក្រសួងស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ទៅប្រើប្រាស់ដើម្បីដោះលែងអ្នកទោសនៅក្នុងពន្ធនាគារនោះទេ ហើយហាមប្រាមនោះ បានធ្វើឡើងបន្ទាប់ពីកន្លងមកមានមហាជនបានរិះគន់ថាមានជនល្មើសមួយចំនួន កំលាំងនគរបាលខិតខំតាមចាប់ខ្លួនបានហើយ បែរជាចុងក្រោយ ជនល្មើសនិងអ្នកទោសនោះត្រូវបានដោះលែងដោយតុលាការ និងពន្ធនាគារ។
នៅក្នុងពិធីប្រកាសមុខដំណែង ផ្លាស់ប្តូរអគ្គនាយក អគ្គនាយដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ល្ងាចថ្ងៃទី៨ ខែមេសា នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា ពន្ធនាគារគឺជាអង្គភាពដំបូងគេ ដែលបានវាយតំលៃអ្នកទោស និងដាក់ឈ្មោះអ្នកទោសបញ្ជូនទៅគណៈកម្មការអន្តរក្រសួងបន្ធូរបន្ថយ និងលើកលែងទិស ដើម្បីធ្វើការពិភាក្សា សម្រេចថ្វាយបណ្តាឈ្មោះអ្នកទោសនោះទៅព្រះមហាក្សត្រនៃព្រះរាជអាណាចក្រកម្ពុជា ដើម្បីព្រះរាជទានបន្ធូរបន្ថយ និងដោះលែងអ្នកទោស។
សម្តេចក្រឡាហោម ស ខេង ថា គ្រប់អ្នកទោសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ គឺមានតែថ្នាក់ដឹកនាំពន្ធនាគារ និងមន្ត្រីប្រធានពន្ធនាគារនៅតាមបណ្តារាជធានីខេត្ត ជាអ្នកដឹងថាតើ អ្នកទោសនោះ កែប្រែខ្លួនឬមិនកែប្រែខ្លួន ហើយការកែប្រែខ្លួននោះមន្ត្រីពន្ធនាគារមិនអាចទៅធ្វើទារុណកម្មដើម្បីឲ្យគេធ្វើការកែប្រែខ្លួននោះទេ។
ក្នុងឱកាសសម្តេចក្រឡាហោម បានកំណត់ទៅតាមវិធានការច្បាប់ថា សម្រាប់អ្នកទោសជាប់ពីបទចាប់ជំរិត គឺមិនអាចផ្តល់ការលើកលែងបានទេ ពោលគឺត្រូវដាក់ឲ្យគេជាប់មួយជីវិត ចំណែកឯកអ្នកទោសគ្រឿងញៀន ក៏ត្រូវរឹតបន្តឹងដូចគ្នាដែរ ក្នុងនោះអ្នកទោសជាប់បទប្លន់ប្រដាប់អាវុធ ក៏ត្រូវបានផ្តល់បន្ធូរបន្ថយបានដែរ។
បច្ចុប្បន្ននៅទូទាំងប្រទេសមានអ្នកទោសកំពុងជាប់ពន្ធនាគារមានប្រមាណជិត២ម៉ឺននាក់ ក្នុងនោះមានស្ត្រីប្រមាណជាង១៥០០នាក់។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំនេះ ការពិភាក្សាការដោះលែង និងបន្ធូរបន្ថយអ្នកទោសត្រូវពន្យាពេល ហើយត្រូវលើកយកទៅពិភាក្សារួមគ្នានៅក្នុងឱកាសថ្ងៃបុណ្យពិសាខបូជានាពេលខាងមុខ។
សម្តេចក្រឡាហោម បានស្នើថា ថ្នាក់ដឹកនាំពន្ធនាគារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យពិសាខបូជា និងបុណ្យភ្ជុំបិណ្ឌ ត្រូវរៀបចំឈ្មោះអ្នកទោស និងរៀបចំពីបទជាប់ចោទ ឲ្យបានច្បាស់លាស់មុននឹងដាក់ជូនគណៈកម្មការរអន្តរក្រសួងបន្ធូរបន្ថយទោស និងលើកលែងទោស ធ្វើការពិភាក្សា។
គួរបញ្ជាក់ នៅថ្ងៃនេះ ការប្រកាសផ្លាស់ប្តូរអគ្គនាយពន្ធនាគារត្រូវបានធ្វើឡើងជាផ្លូវការដោយក្នុងនោះ ឯកឧត្តម ច័ន្ទ គឹមសេង ត្រូវបានព្រះរាជក្រឹត្យតែងតាំង ជាឧត្តមអាគ្គានុរក្ស ថ្នាក់លេខ១ អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម គុយ ប៊ុនសន ដែលត្រូវបានតែងតាំងជា ទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕
មតិយោបល់