ខណៈការបោះឆ្នោតដ៏សំខាន់មួយចូលមកដល់ក្នុងថ្ងៃអង្គារ៍នេះ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅប្រទេសកេនយ៉ា ប្រមាណ ៧ លាននាក់ កំពុងត្រូវបានជំរុញទឹកចិត្តឱ្យប្រើប្រាស់កម្មវិធី Messenger ដើម្បីរាយការណ៍នូវហេតុការណ៍ផ្សេងៗដែលទាក់ទងទៅនឹងបញ្ហានៃការបោះឆ្នោត ការបង្រ្កាមទៅលើអ្នកបោះឆ្នោត និងអំពើហិង្សានានា។
ការអំពាវនាវនេះ គឺធ្វើឡើងដោយសារគេមើលឃើញពីគុណប្រយោជន៍របស់ Bot (ប្រភេទកម្មវិធីដំណើរការក្នុងកម្មវិធី FB Messenger) មួយឈ្មោះ Ushahidi ដែលវាអនុញ្ញាតប្រជាជនដែលមានស្មាតហ្វូនអាចរាយការណ៍បញ្ហាផ្សេងៗ ដែលខ្លួនជួបប្រទះនៅក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោតតាមរយៈប្រព័ន្ធសាររបស់បណ្តាញទំនាក់ទំនងសង្គម Facebook បានយ៉ាងងាយ ហើយក្រុមអ្នកស្ម័គ្រចិត្ត នឹងផ្ទៀងផ្ទាត់របាយការណ៍ទាំងនោះមុនពេលវាត្រូវបានដាក់ឱ្យរំលេចនៅលើកម្មវិធីផែនទី និងបន្ទាត់ពេលវេលា។
Bot ឈ្មោះ Ushahidi នេះគឺពាក្យក្នុងភាសាស្វាហីុលី ដែលប្រែមកថា “សក្ខីកម្ម”។ នៅពេលប្រកាសចេញលើកដំបូង វាពឹងផ្អែកលើមនុស្សជាអ្នកវាយបញ្ចូលពាក្យ ឬសារប្រាប់អំពីហេតុការហិង្សាផ្សេងៗដែលខ្លួនបានឃើញផ្ទាល់ភ្នែក ហើយទិន្នន័យទាំងនោះ អាចត្រូវបានកំណត់ទីតាំងលើផែនទី ដែលមនុស្សគ្រប់រូបអាចមើលឃើញបាន។
គួរបញ្ចាក់ថា កេនយ៉ា គឺជាប្រទេសមួយដែលធ្លាប់ហែកហួរដោយអំពើហិង្សា ជាពិសេសក្នុងអំឡុងពេលបោះឆ្នោត។ គ្រាន់តែក្នុងរយៈពេលមួយឆ្នាំ គឺពីឆ្នាំ ២០០៧ ដល់ ២០០៨ ប្រជាជននៅក្នុងប្រទេសក្នុងទ្វិបអាហ្វ្រិកមួយនេះ ត្រូវបានសម្លាប់អស់ជាង ១៥០០ នាក់ និងរាប់សែននាក់ផ្សេងទៀតត្រូវបានគេជម្លៀសចេញពីផ្ទះសម្បែង។
ចាប់តាំងពីពេលនោះមក Ushahidi ត្រូវបានគេបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់មិនមែននៅតែនៅកេនយ៉ានោះទេ តែនៅក្នុងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឆ្នាំ ២០១៦ ផងដែរ ដោយក្នុងនោះ គេរកឃើញមានអំពើហិង្សាបានកើតឡើងពាក់ព័ន្ធទៅនឹងការបោះឆ្នោតរហូតដល់ទៅជាង ៣០០ ករណី៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់