កណ្ដាលៈ ជនសង្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។
ជនសង្ស័យចំនួន៥នាក់នោះ ទី១ឈ្មោះ មៀង តៃណៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាដក ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះ ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល។ ២ឈ្មោះសាត រ៉ាវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាដក ជនជាតិខ្មែរ មានទីលំនៅភូមិសណ្តា ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល។៣ឈ្មោះ ជា សុខហេង ហៅបារាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ឃុំកើតហេតុ។ ៤ឈ្មោះសុវណ្ណ ស្រីយ៉ា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ និងទី៥ឈ្មោះ ឡាង យ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពដដែលពីមន្ត្រីតុលាការ ថ្លែងថា មូលហេតុនៃការដោះលែងនេះ គឺដោយសារជនសង្ស័យប្រុសស្រីទាំង៥នាក់នេះ ទើបតែប្រព្រឹត្តបទល្មើសជាលើកដំបូង ហើយជាវិធានការអប់រំ តុលាការបានហៅអាណាព្យាបាលទាំងអស់មកធ្វើកិច្ចសន្យា អប់រំកូនប្រុសស្រីឲ្យប្រព្រឹត្តខ្លួនល្អសាជាថ្មី។
មន្ត្រីដដែល អះអាងថា ក្នុងករណីជនសង្ស័យទាំង៥នាក់ មិនឈប់ប្រព្រឹត្តនូវអំពើល្មើសទេ ព្រះរាជអាជ្ញា មានឆន្ទានុសិទ្ធិក្នុងការកោះហៅមកសាកសួរ ហើយអាចចោទប្រកាន់សាជាថ្មីបាន ក្នុងកាលៈទេសៈណាមួយ។
ជនសង្ស័យប្រុសស្រីទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី៥ ខែសីហា នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរកឃើញវត្ថុតាងប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
សូមរំលឹកថា ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងចាប់យក ឧបករណ៍សម្រាប់ជក់ថ្នាំញៀន ម៉ូតូ ចំនួន១គ្រឿង ម៉ាកសង់ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1H -4219។
នៅពេលកើតហេតុជនសង្ស័យទាំង៥នាក់បានកំពុងប្រើប្រាស់ថ្នាំញៀននៅលើផ្ទះឈ្មោះ ជា សុខហេង ហៅបារាំង ប្រជាពលរដ្ឋរាយការមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ កម្លាំងប៉ុស្តិ៍បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ៕
មតិយោបល់