ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចចុះបង្ក្រាបឃ្លាំងស្តុកទុកនិងចែកចាយសាប៊ូPAO ចំនួន២ទីតាំង ដកហូតជាង១០០កេសនៅទួលស្វាយព្រៃ១!

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋាន សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ដោយចូលរួមអំពីសំណាក់លោក ហោ លីនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយចំនួន២កន្លែង ដោយធ្វើការដកហូតបានសាប៊ូ PAO រាប់រយកេសផងដែរ។

ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤AB ផ្លូវលេខ ១៩៩ និងឃ្លាំងគ្មានលេខ ផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា ក្រោយពីកម្លាំងរបស់លោកទទួលបាននូវពាក្យបណ្តឹងរបស់ក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវប្រភេទសាប៊ូម៉ាក PAO រួចមក កម្លាំងរបស់លោកក៏ធ្វើកំពុងតែមានចរាចរចែកចាយនៅតាមទីផ្សារនោះ។កម្លាំងរបស់លោកក៏ធ្វើការសហការជាមួយនិង លោក ហោ លីនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះធ្វើការស្រាវជ្រាវ និងឈានទៅដល់ការចុះមកបង្ក្រាបនូវទីតាំងចែកចាយ និង ឃ្លាំងស្តុកនូវសាប៊ូប្រភេទនេះចំនួនពីរទីតាំង ដែលមានម្ចាស់តែមួយ ដោយបានលួចចូលមកធ្វើការចែកចាយដោយរំលោភលើកម្មសិទ្ធិបញ្ញានេះ។

លោកក៏បានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការនេះដែរកម្លាំងរបស់លោកបានធ្វើឡើងនៅទីតាំងចែកចាយទី១មានយីហោ ហាក់ សៀ ដែលមានទីតាំងផ្ទះលេខ ២៤AB ផ្លូវលេខ ១៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ធ្វើការដកហូតបានសាប៊ូម៉ាក PAO ចំនួនជាង ៣០កេស និងទីតាំងទី២ គឺនៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយេព្រៃទី ១ ខណ្ឌចំការមន បានធ្វើការដកហូតសាប៊ូម៉ាក PAO ចំនួនរាប់រយកេសបន្ថែមទៀត។

ក្រោយប្រតិបត្តិការនេះដែរ កម្លាំងមានសមត្ថកិច្ចក៏បានធ្វើការដកហូតសាប៊ូ PAO រាប់រយកេសដែលរំលោភលើកម្មសិទ្ធិបញ្ញានេះដែរយកទៅរក្សាទុក និងហៅម្ចាស់ទីតាំងទាំង២កន្លែង ចូលខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយទៅតាមច្បាប់បន្តទៀត៕

មតិយោបល់