ព័ត៌មានជាតិ

ពុទ្ធោ! មួយភ្លែតសោះ បាត់បង់កូនជាទីស្រឡាញ់ដល់ទៅ៣នាក់!…

ព្រៃវែងៈ លោកអធិការពាមរក៍ បានប្រាប់Post News ថា យ៉ាងហោចណាស់ មានមនុស្សស្រីម្នាក់ រួមនិងក្មេងតូចប្រុសស្រីចំនួន២នាក់ទៀត បានស្លាប់យ៉ាងអាណោចអាធ័មនៅស្រះក្នុងបឹងមួយកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី​ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះ ក្នុងបឹងខាងក្រោយឡឥដ្ឋ របស់ឈ្មោះ តាំង លាងសេង ស្ថិតនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នេះ ទី១មានឈ្មោះ នៅ សោភណ្ឌ័ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ឪពុកឈ្មោះ ឡឺម នៅ អាយុ៦២ឆ្នាំ និងមានម្តាយឈ្មោះ ស៊ឹម ហ៊ន អាយុ៦០ឆ្នាំ , ទី២ឈ្មោះ ធូ ចិន្តា ភេទស្រី អាយុ៥ឆ្នាំ ឪពុកឈ្មោះ ភី ធូ អាយុ៣៧ឆ្នាំ មានម្តាយឈ្មោះ ហ៊ុន វន អាយុ៣៥ឆ្នាំ និងជនរងគ្រោះទី៣ឈ្មោះ រី រតនា ភេទប្រុស អាយុ៧ឆ្នាំ មានឪពុកឈ្មោះ នៅ រី អាយុ២៥ឆ្នាំ ម្តាយឈ្មោះ ទុំ ឆារី អាយុ២៤ឆ្នាំ។

អ្នកទាំងអស់៣នាក់ខាងលើនេះ មានស្រុកកំណើតនៅភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ននៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

គួរបញ្ជាក់ផងដែរ មុនដំបូងឡើយគឺ ជនរងគ្រោះឈ្មោះ នៅ សោភណ្ឌ័ បានរអិលធ្លាក់ពីលើទូកហើយ ជនរងគ្រោះ២នាក់ទៀត ត្រូវជាក្មួយ ចុះជួយ ទើបបណ្តាលឲ្យលង់ស្លាប់ទាំង៣នាក់តែម្តង៕

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់