ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ក្រុមហ៊ុនចិនធ្វើផ្លូវ បុកម៉ូតូសង់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់!..

បន្ទាយមានជ័យៈ លោកអធិការរងស្រុកអូរជ្រៅ ទទួលផ្នែកចរាចរណ៍បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកទៅបុកជាមួយនិងម៉ូតូម៉ាកសេ១២៥ ពេញទំហឹង រហូតបណ្តាលឲ្យមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៤នាក់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃត្រង់ទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ២៥៨D ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ ហ៊ីម វ៉ា ឃីម ភេទប្រុស អាយុ១៥ឆ្នាំ (បាក់ជើងស្តាំរបួសធ្ងន់), ទី២ឈ្មោះ ឃីម រស្មី ភេទស្រី អាយុ៨ឆ្នាំ (រងរបួសស្រាល), ទី៣ឈ្មោះ រឿន ស្រីដាវ ភេទស្រី អាយុ១០ឆ្នាំ (បាក់ជើងស្តាំរបួសធ្ងន់) និងទី៤ឈ្មោះ សឿន ស្រីប៉ល់ ភេទស្រី អាយុ១២ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ស្នាក់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ 1M-6689 រងការខូចខាតធ្ងន់។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ ជារថយន្តរបស់ក្រុមហ៊ុនចិនធ្វើផ្លូវ៕

មតិយោបល់