ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោកមិនអាចចាត់ការ ហាងអ៊ីនធឺណេត យីហោ CH NET បានទេ ព្រោះគេមានច្បាប់ បើកភ្នាល់បាល់!

ភ្នំពេញៈ ដោយមានការបញ្ជាផ្ទាល់របស់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ លោក ប៉ាង លីដា ជាអភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ មាននគរបាល និងប្រជាការពារ ចុះទៅបង្ក្រាបទីតាំង ហាងអ៊ីនធឺណេត មួយកន្លែង យីហោ CH NET ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤៧១ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ការចុះបង្ក្រាបទីតាំងខាងលើនេះ ក្រោយពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋាន ថាទីតាំងខាងលើ ជាកន្លែងបនល្បែងស៊ីសង ភ្នាល់បាល់តាម អនឡាញ។

ប្រភពបញ្ជាក់ថា ក្រោយពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនោះបានឃើញកុំព្យូទ័រចំនួន ២០គ្រឿងត្រូវគេដាក់បម្រើអតិថិជនដែលញៀនល្បែងស៊ីសងភ្នាល់បាល់។

នៅក្នុងប្រតិបត្តិការនោះ អាជ្ញាធរមិនបានជួបម្ចាស់ទីតាំងផ្ទាល់នោះទេ បានត្រឹមតែជួបអ្នកមើលការខុសត្រូវ ដោយគេបាននិយាយថា ទីតាំងរបស់គេ មានច្បាប់ត្រឹមត្រូវ។

ក្រោយពីពិនិត្យទីតាំងនោះរួច អាជ្ញាធរបានបញ្ជាក់ថា រង់ចាំម្ចាស់ទីតាំងយកច្បាប់អនុញ្ញាតនោះមកបញ្ជាក់សិន និងបានធ្វើកំណត់ហេតុចុះទៅទីតាំងនោះ ដោយទុកឲ្យទីតាំង CH NET បើកដំណើរការ ការងារភ្នាល់បាល់ដោយរលូនបន្តទៀតសិន។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ហាងអ៊ីនធឺណេត បានរីកដុះដាលស្ទើរពាលពេញទឹកដីរាជធានីភ្នំពេញ ដោយជ្រកក្រោមស្លាក ណេតនេះ ហាងទាំងអស់នោះ ត្រូវបានពលរដ្ឋរិះគន់ថា បានបង្កប់ល្បែងស៊ីសង និងល្បែងភ្នាល់ជាច្រើនប្រភេទ។

ពាក់ព័ន្ធករណី ហាងអ៊ីនធឺណេត បង្កប់ល្បែងស៊ីសងនេះផងដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធឺណេតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធឺណេត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យឃើញថា ក្រោយពីបានណែនាំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជា មិនទាន់មានសកម្មភាពអ្វីមុតមាំទៅលើបញ្ហានេះទេ»។

ប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើអាជ្ញាធរខណ្ឌទួលគោក អាចបង្ក្រាបទីតាំងហាងអ៊ីនធឺណេត យីហោ CH NET បង្កប់ល្បែងស៊ីសងខាងលើ នេះតាមបទបញ្ជារបស់ លោក ឃួង ស្រេង បានដែរឬទេ?

https://youtu.be/a0tFO8a00wU

មតិយោបល់