ព័ត៌មានជាតិ

ឆក់រាល់យប់ហ្មង តែលើកនេះអត់បានសម្រេចរត់ចោលម៉ូតូ !!!

ភ្នំពេញៈ ក្រុមចោរដៃស្អិតចំនួន២នាក់ បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃរបស់បុរសជនជាតិចិនម្នាក់ តែមិនបានសម្រេចបណ្តាលឲ្យដួលរួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១១និង៥០នាទីយប់ នៅចំណុចមហាវិថីម៉ៅសេទុង ទល់មុខនឹងស្ថានទូតចិន សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-7612 ជិះតាមបណ្តោយមហាវិថីម៉ៅសេទុង ទល់មុខនឹងស្ថានទូតចិនក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពឆក់យកទូរសព្ទរបស់បុរសជនជាតិចិនម្នាក់ ដែលកំពុងជិះលើរម៉កកង់បីក្នុងទិសដៅស្របគ្នា តែមិនបានសម្រេច ព្រោះមានការប្រទាញប្រតោងគ្នា បណ្តាលឲ្យជនសង្ស័យទាំង២នាក់ដួល រួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ និងទូរសព្ទដៃរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ ចំណែកឯជនរងគ្រោះដែលជាជនជាតិចិនខាងលើ មិនចង់មានរឿងវែងឆ្ងាយក៏បានរើសទូរសព្ទដៃរបស់ខ្លួន ហើយជិះរម៉កកង់បីបន្តដំណើរទៅទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម៕

មតិយោបល់