ព័ត៌មានជាតិ

ងងុយដេកហើយមិនព្រមឈប់ នៅបន្តបើករយន្តទៅមុខទៀត បណ្តាលឲ្យរេចង្កូតបុកនឹងបង្កាន់ដៃស្ពាន ទើបស្វាងងងុយ!

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរបានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបង្កាន់ដៃស្ពាន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង៤និង៤៥នាទី នៅចំណុចស្ពានធ្លាម្អម ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះ សេន ប៊ុនធឿន អាយុ២១ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថ្លុកដង្កោរ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះបង្ករដោយរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3F-1061 ដឹកដែកធ្វើចរាចរណ៍ពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត ទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យខូចខាត បាក់អស់ប្រវែង១២ម៉ែត្រ រថយន្តខូចខាត ដាច់កង់មុខ បែកកញ្ចក់ និងខូចកាប៊ីនមុខ មូលហេតុបណ្តាលមកពីអ្នកបើកបរមានការងងុយដេកខ្លាំងពេក។

បច្ចុប្បន្នរថយន្តបង្ករហេតុនៅលើស្ពាននៅឡើយទេ ដោយរង់ចាំក្រុមហ៊ុនចេញមកពីភ្នំពេញ ហើយដើម្បីមកធ្វើការស្ទូចយករថយន្តចេញ៕

មតិយោបល់