ព័ត៌មានកីឡា

Joachim Watzke៖ ប្រសិនបើ Barcelona ចង់បាន Dembele ក្រុមអេស្ប៉ាញនេះ ត្រូវចំណាយលុយ ១៣៥លានផោន

អ្នកគ្រប់គ្រងក្រុម Dortmund លោក Joachim Watzke បានប្រាប់ទៅកាន់ក្រុម Barcelona វិញថា ប្រសិនបើចង់បាន Ousmane Dembele ក្រុមយក្សអេស្ប៉ាញមួយនេះ ត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ១៣៥លានផោន ស្មើនឹង ១៥០លានអឺរ៉ូ។

បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ក្រុមអាឡឺម៉ង់ Burrusia Dortmund បានបដិសេធ នូវសំណើរទឹកប្រាក់ ៩០លានផោន របស់ក្រុម Barcelona ហើយ។ បើតាមប្រភពដដែល បានបន្ថែមទៀតថា ក្រុម Dortmund បានទាមទារ នូវទំហំទឹកប្រាក់ខ្ពស់មួយ រហូតដល់ទៅ ១៣៥លានផោន ប្រសិនបើ Barcelona យល់ព្រមនោះ Ousmane Dembele នឹងក្លាយជាកីឡាកររបស់ក្រុម Barcelona នេះបើតាមសម្តីលោក Joachim Watzke អ្នកគ្រប់គ្រងក្រុម Dortmund ។

លោក Joachim Watzke បាននិយាយថា ការរកកីឡាករម្នាក់ ទៅជំនួស Neymar មិនមែនងាយស្រួលឡើយ សម្រាប់ Barcelona ដែលចង់បានកីឡាករក្មេងល្អ និងតម្លៃថោកនោះ ព្រោះថា ការលក់ Neymar គឺបានចំណូលច្រើនណាស់ ដែលទាមទារឲ្យ ចំណាយច្រើនវិញ ក្នុងការរកអ្នកជំនួសតំណែងរបស់ Neymar។ គួរបញ្ជាក់ផងដែរថា ក្រុម Barcelona បានសម្លឹងឃើញកីឡាករ ជាច្រើន ដែលកីឡាករទាំងអស់នោះ សុទ្ធសឹង តែមានតម្លៃថ្លៃ ហើយមិនទាន់ទទួលបានជោគជ័យ ក្នុងការនាំយកកីឡាករណាមួយឡើយ ដែលធ្វើឲ្យក្រុម Barcelona កំពុងរងបញ្ហាអ្នកជំនួសតំណែងរបស់ Neymar យ៉ាងខ្លាំង។

ដូច្នេះហើយ ប្រសិនបើក្រុម Barcelona ពិតជាចង់បាន Ousmane Dembele មែននោះ ក្រុមអេស្ប៉ាញមួយនេះ ត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ១៣៥លានផោន ខណៈ ៩០លានផោន ដែល Barcelona ស្នើលើកមុន ត្រូវក្រុម Burrusia Dortmund បដិសេធចោលហើយ។

មតិយោបល់