កណ្តាលៈ សំណុំរឿងលោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ និង កូនចៅ៣នាក់ ពាក់ព័ន្ធការដោះលែងស្ត្រីសង្ស័យពីរនាក់ជាថ្នូរនឹងប្រាក់ចំនួន៧០០ដុល្លារអាមេរិក បានបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
លោក សម្ញំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យរបស់តំណាងអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់ Post News ឲ្យដឹងថា៖ សំណុំរឿងនេះបានបញ្ជូនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៩ ខែសីហា ហើយបច្ចុប្បន្នលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល កំពុងចាត់ការរឿងនេះ ។
ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែសីហា លោក រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្ដាល ថ្លែងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង១៥នាទី លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានថា ជនសង្ស័យទម្លាក់យោងពីរនាក់ ធ្វើសកម្មភាពល្បួងស្ត្រីម្នាក់ មានពាក់គ្រឿងអលង្ការ ចេញពីខាងមុខផ្ទះសម្អាងការផ្សារតាខ្មៅចាស់ ហើយត្រូវបានសន្តិសុខផ្សារ តាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនទៅស្នាក់ការផ្សារ។
លោកស្នងការរង បន្តថា បន្ទាប់ពីទទួលបានព័ត៌មានលោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ និងលោក ឡាង លន់ អធិការរងទទួលផែនព្រហ្មទណ្ឌ បានចាត់ឲ្យលោក ហ៊ិន គឿន នាយផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំលោក យុន សូយ៉ាន នាយរងផ្នែក និងលោក អ៊ុន សំអាត នាយរងផ្នែក ចុះទៅកាន់ស្នាក់ការសន្តិសុខផ្សារ។
ពេលនោះលោក ហ៊ិន គឿន មិនបានទៅនោះទេ គឺលោក យុន សូយ៉ាន នាយរងផ្នែក និងលោកទោ អ៊ុន សំអាត ជាអ្នកចុះទៅ។
ពេលទៅដល់លោក យុន សូយ៉ាន បានទូរសព្ទទៅលោក ហ៊ិន គឿន ដើម្បីសុំគោលការណ៍អនុវត្តបន្តបន្ទាប់មកលោកនាយផ្នែក ហ៊ិន គឿន បានប្រាប់ថា មេ(លោកអធិការ) ឲ្យដោះស្រាយនៅកន្លែងនឹងទៅ និងបានសួរទៅលោក យុន សូយ៉ាន ទៀតថា នៅទីនោះស្ងាត់ឬអត់? ក្នុងអត្ថន័យថាមានអ្នកកាសែត ឬអត់? អាចធ្វើការបាន ឬទេ?
លោកស្នងការរង បានបន្តទៀតថា គ្រានោះលោក យុន សូយ៉ាន បានឆ្លើយថា អាចធ្វើបាន ជនសង្ស័យមានលុយ៥០០ដុល្លារ តែមិនទាន់មាននៅក្នុងដៃទេ។
ពេលកំពុងធ្វើការនោះលោក យុន សូយ៉ាន ដល់ម៉ោងទៅយកកូនចេញពីរៀន ក៏បានប្រគល់ការងារនេះទៅឲ្យលោក អ៊ុន សំអាត ជាអ្នកធ្វើបន្ត ។
រហូតដល់ម៉ោង១១ថ្ងៃត្រង់ លោក អ៊ុន សំអាត បានរាយការណ៍ទៅលោក ហ៊ិន គឿន ម្តងទៀតថា មានបុរសម្នាក់យកលុយចំនួន៤០០ដុល្លារ និងលុយខ្មែរ១,២០០,០០០រៀល ( ១លាន ២សែនរៀល ) មកឲ្យ
ហើយជនសង្ស័យទាំង២នាក់នោះ ត្រូវបានលោក យុន សូយ៉ាន ដោះលែងឲ្យទៅវិញទៅ ។
ក្រោយមកលោក ហ៊ិន គឿន បានប្រាប់ទៅលោក យុន សូយ៉ាន ឲ្យយកលុយទុកជូនមេ(លោកអធិការ)។ ចុងក្រោយលុយខាងលើនេះ ត្រូវបានលោក ស៊ឹម ប៊ុតបណ្ឌិត បដិសេធមិនទទួលយកដោយសារតែអ្នកកាន់លុយយកទៅឲ្យមិនមែនជាគ្នាលោក។
លុះដល់ម៉ោង៣រសៀល លោក អ៊ុន សំអាត បានទៅជួបលោក ឡាង លន់ និងលោក ហ៊ិន គឿន ក៏បានប្រគល់ប្រាក់ចំនួន៤០០ដុល្លារ និងលុយខ្មែរចំនួន១២០០,០០០រៀល ( ១លាន ២ សឺនរៀល ) ដោយលោក ហ៊ិន គឿន ជាអ្នកទុក។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ិន គឿន បានហៅលោក អ៊ុន សំអាត ឲ្យធ្វើកំណត់ហេតុប្រគល់ទទួលប្រាក់នោះមកឲ្យខ្លួនតាមបញ្ជារបស់លោកអធិការ។
ក្រោយមក លោក ស៊ឹម ប៊ុតបណ្ឌិត បានយកឯកសារជូនលោកស្នងការខេត្តកណ្តាល ដើម្បីស្នើសុំឲ្យចាត់វិធានការតាមវិន័យកងកម្លាំងនគរបាលជាតិ និងអនុវត្តវិធានការច្បាប់ចំពោះករណីខាងលើ។
លោក យ៉ុន សូយ៉ាន នាយរងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅបានឲ្យដឹងថា បន្ទាប់ពីមានរឿងហេតុបានប្រហែលមួយសប្តាហ៍ លោកវរសេនីយ៍ឯក ស៊ឹម ប៊ុតបណ្ឌិត បាននិយាយជាមួយលោកថា « ម៉េចឲ្យអា អាត យកលុយមកឲ្យអ៊ីចឹង បើឯងយកលុយនោះមក បានចែកគ្នាចាយទាំងអស់គ្នាហើយ»។
លោកស្នងការរងបញ្ជាក់ថា យោងតាមការស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាងជុំវិញករណីខាងលើអាចសន្និដ្ឋានបានថា លោក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ ក្រុងតាខ្មៅ ពិតជាបានទទួលបញ្ជាពីលោក ហ៊ិន គឿន នាយផ្នែកនគរបាលយុត្តិធម៌ លោកអធិការ ស៊ឹម ប៊ុតបណ្ឌិត និងលោកអធិការរង ឡាង លន់ ទៅមើលមុខសញ្ញា២នាក់ ដែលត្រូវបានសន្តិសុខផ្សារតាខ្មៅចាស់ឃាត់ខ្លួន និងជាប់ពាក់ព័ន្ធក្នុងគោលបំណងសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធជាមួយជនសង្ស័យជាថ្នូរនឹងប្រាក់មួយចំនួនពីជនសង្ស័យ។
ករណីខាងលើនេះ ត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ៕
មតិយោបល់