ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយស្ទើស្លាប់ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិទឹកថ្លា បន្ទាប់ពីធ្វើសកម្មភាពចូលលួចកាច់សោរកម៉ូតូបានហើយតែរត់មិនរួច។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង សុភ័ក្រ្ត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្បូងវត្ត ឃុំត្បូងវត្ត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះមានឈ្មោះ ឆឹម តុលា ភេទប្រុសអាយុ ២៣ឆ្នាំមុខរបរលក់ដូរ កន្លែងកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ បច្ចុប្បន្នស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១០ ឡើងសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1C.8092 នៅចំហៀងជញ្ជាំងផ្ទះ ដោយចាក់សោរកត្រឹមត្រូវ ហើយគាត់កំពង់អង្គុយលក់ដូរនៅមុខផ្ទះ លុះដល់ម៉ោងកើតហេតុគាត់ក៏មើលតាមកញ្ចក់ឃើញជនសង្ស័យបានធ្វើសកម្មភាពយកដែកកែឆ្នៃកាច់សោរកម៉ូតូអូសចេញបានជាង១០ម៉ែត្រ ពេលនោះជនរងគ្រោះក៏ស្រែកថា ចោរៗធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងជួយដេញតាមហើយចាប់បានវាយម្នាក់មួយដៃមួយជើងស្ទើស្លាប់ ទើបប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា សម្ភារដែលចាប់យកមានដែកចុងស្រួចកែឆ្នៃចំនួន៣ដើម សោរខ្សៀលេខ១០ ចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់