ព័ត៌មានជាតិ

នារីកម្មកររោងចក្រចាញ់ល្បិចប្រុសព្រានពេលមានផ្ទៃពោះ៣ខែរត់បាត់

ភ្នំពេញៈ កម្មការិនីរោងចក្រម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដោយសារតែចាញ់ល្បិចប្រុសស្នេហ៍របស់នាងលួមលោម និងរស់នៅជាមួយគ្នាអស់រយៈពេលជាយូរខែ និងសន្យាថា ចូលស្តីដណ្តឹងរៀបការជាប្តីប្រពន្ធតាមប្រពៃណីតែមិនទាន់រៀបការផង នាងមានផ្ទៃពោះ៣ខែ ហើយស្រាប់តែប្រុសព្រានអប្រិយបានរត់គេចខ្លួនបាត់ស្រមោលដោយមិនអាឡោះអាល័យ។

ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្រុសព្រានអប្រិយដែលបោកប្រាស់ខ្លួនប្រាណនាងរហូតមានផ្ទៃពោះ៣ខែឈ្មោះ ធូន រ៉ា អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិសំពៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះបានបន្តថា ប្រហែលជា៧ខែមុន រូបនាងនិងបុរសនោះបានជួលបន្ទប់ស្នាក់នៅជិតគ្នា ប្រុសព្រានអប្រិយរូបនោះបានតែងតែលួងលោម ផ្តោះផ្តងពាក្យសំដី និងតាមសុំស្នេហ៍នាងរហូតនាងបាក់ចិត្ត ព្រមទាំងបានសន្យាថានឹងចូលស្តីដណ្ដឹងនាងយកធ្វើជាប្រពន្ធបន្ទាប់ពីចូលឆ្នាំខ្មែររួចទៀតផង។

ដោយសារតែសំដីផ្អែមល្ហែម លួងលោម នាងក៏បាក់ចិត្តជឿស្លុងរហូតព្រមប្រគល់ខ្លួនប្រាណ ព្រមទាំងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៀតផង តែទីបំផុតក្រោយពេលចូលឆ្នាំខ្មែរហើយ នាងក៏បានសួរនាំរឿងចូលស្តីដណ្ដឹងរៀបការ ព្រមទាំងប្រាប់ពីរឿងនាងមានផ្ទៃពោះ៣ខែទៅហើយ ស្រាប់តែប្រុសព្រានអប្រិយរូបនោះគេចខ្លួនបាត់តែម្តងដោយមិនព្រមទទួលខុសត្រូវ។ ទើបដាច់ចិត្តរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍៕

photo_2016-05-31_09-41-21

មតិយោបល់