កំពង់ឆ្នាំងៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរម៉កដឹកកម្មកររោងចក្រមួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យកម្មករោងចក្រជិត៣០នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូក្នុងខេត្ត ភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូដែលមានសណ្តោងរ៉ីម៉កម៉ាក SANG YANG សេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខ ដែលមានដឹកកម្មករ កម្មការិនីរោងចក្រកាត់ដេរ បានគេចពីរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក ក្នុងដំណើរខ្វែងទិសគ្នា ក៏បានក្រឡប់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្ស២៨នាក់ ក្នុងនោះមានស្រី២២នាក់ ប្រុស ៦នាក់ (ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៦នាក់របួសធ្ងន់ជាមនុស្សប្រុស។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីការបើកបរក្នុងល្បឿនលឿន ហើយក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយធ្វើដំណើរខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់