អ៊ីស្រាអែលៈ នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល បានធ្វើការវាយប្រហារដ៏ធំបំផុត ប្រឆាំងនឹងគោលដៅក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមក្នុងឆ្នាំ ២០១៤កន្លងមក ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
ដោយលោកបានបន្ថែមថា ការវាយប្រហារកន្លងមក គឺជាការឆ្លើយតប ចំពោះគ្រាប់រ៉ុក្កែត ដែលបានបាញ់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយលោកប្ដេជ្ញាថា នឹងបន្តវាយឆ្មក់បន្ថែមទៀត ប្រសិនបើចាំបាច់ ខណៈដែលពួកប៉ាឡេស្ទីន បានអះអាងថា បទឈប់បាញ់គ្នាមួយ ត្រូវបានព្រមព្រៀងរួចរាល់។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ ខណៈដែល ១២នាក់ទៀត រងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាស នៅក្នុងតំបន់ហ្គាហ្សា។
ខណៈដែលជនជាតិអ៊ីស្រាអែល ៣ នាក់បានរងរបួស ដោយសារគ្រាប់រ៉ុក្កែតជាង ៩០ គ្រាប់ ដែលបានបាញ់ចូលមកកាន់ទឹកដីអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងពួកហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា រួមទាំងទីបញ្ជាការកងវរសេនាតូច នៅ Beit Lahia ជាជំរំហ្វឹកហាត់មួយ ស្ថិតនៅអគារខ្ពស់មួយ ក្នុងជំរំជនភៀសខ្លួន al-Shati ភាគខាងជើងតំបន់ហ្គាហ្សា ដែលជាកន្លែងស្តុកអាវុធ និងគ្រាប់មីស៊ីល៕
មតិយោបល់