ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មនៅសង្កាត់ឫស្សីកែវ!

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មនៅសង្កាត់ឫស្សីកែវ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវធ្វើការស្រាវជ្រាវឃាត់ខ្លួន។

ប្រតិបត្តិការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់នោះ ទី១ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាដក និងម្នាក់ទៀតឈ្មោះ គង់ សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ។ ចំណែកម្ចាស់ផ្ទះដែលត្រូវជនសង្ស័យទាំង២នាក់ ខាងលើគាស់យកទ្រព្យសម្បត្តិនោះមានឈ្មោះ ដាក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលំ ក្រុម៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម៉ូទ័រ១គ្រឿង អូភ្លើងម៉ូទ័រឈូសឈើ១គ្រឿង អំភ្លឺ២គ្រឿង ដាវសាំម៉ូរ៉ៃ១ដើម និងស្លាកលេខម៉ូតូ១ គឺកណ្តាល1A-1972។

ប្រភពដដែលពីលោក តូច គឹមសុង នាយប៉ុស្តិ៍ឫស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះម្ចាស់ផ្ទះបានចាក់សោរផ្ទះចោលផ្ញើរ និងអ្នកជិតខាងឲ្យជួយមើល ដោយខ្លួនជាប់រវល់ទៅប្រទេសវៀតណាមចំនួន៣ថ្ងៃ នៅយប់កើតហេតុជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆ្កិះសោរទ្វារចូលលួចយកទ្រព្យសម្បត្តិខាងលើរួចរត់គេចខ្លួនបាត់អស់មិនដឹងតាំងពីពេលណានោះឡើយ។

ហើយលោកនាយប៉ុស្តិ៍បានបន្តបន្ថែមទៀតថា លុះនៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ត្រូវបានអ្នកជិតខាងឃើញផ្ទះជនរងគ្រោះរបើកសោរ ហើយឃើញទ្វារចំហ ក៏មានការសង្ស័យរួចចូលទៅមើលឃើញទូររបើកទ្វារ និងឥវ៉ាន់រាយរប៉ាត់ប៉ាយពេញផ្ទះ រួចហើយក៏តេប្រាប់ម្ចាស់ផ្ទះថា ផ្ទះរបស់ឯងមានចោរគាស់យកឥវ៉ាន់អស់ហើយ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅផ្ទះកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការពិត្យកាមេរ៉ាសុវត្តភាពបង្កប់នៅផ្ទះក្បែរនោះរួចហើយ និងកំណត់មុខសញ្ញាបានហើយ នៅវេលាម៉ោង៨ ថ្ងៃទី១២ខែ ឆ្នាំដដែល សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដោយដកហូតបានសំភារៈខាងលើនៅចំណុចផ្ទះជួលគ្មានលេខភូមិកើតហេតុខាងលើ។ ក្រោយមកកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើមកកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសួរនាំបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតីវិធីច្បាប់បន្តទៀតផងដែរ៕

មតិយោបល់