ព័ត៌មានជាតិ

គ្រាន់តែរឿងហៅភ្ញៀវទិញខោអាវសោះ! វាយគ្នាផ្អើលពេញផ្សារស្ទឹងមានជ័យថ្មី

ភ្នំពេញៈ ស្រ្តី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនបង្កមានឈ្មោះ សុខ ផល្លា ហៅគីម ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរខោអាវ ស្នាក់នៅផ្ទះលេខ២៤E០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆេន ស៊ីម៉ា ហៅប៉ុម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវលេខ៥ បុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

មុនពេលកើតហេតុ ជនសង្ស័យកំពុងតែឈរនិយាយជាមួយភ្ញៀវ ដែលមកទិញខោអាវ ពេលនោះឈ្មោះ ភិន ចន្ថា ហៅស្រីទូច ជាកូនឈ្នួលលក់ខោអាវ ឲ្យឈ្មោះ ប៊ិន ស្រីអូន នៅតូបក្បែរក្នុងផ្សារស្ទឹងមានជ័យ បានហៅភ្ញៀវនោះឲ្យមកមើលខោអាវនៅតូបរបស់ខ្លួនលក់ ពេលនោះជនសង្ស័យខឹងក៏ស្រែកថាឲ្យឈ្មោះភិន ចន្ថា រួចក៏ទំនាស់ពាក្យសម្តីគ្នា ពេលនោះជនរងគ្រោះកំពុងតែឈរលក់ខោអាវនៅក្បែរតូបគ្នានោះលឺ ក៏កាន់ទុយោជ័រ ពណ៌ខៀវ ដើរចេញមកពីក្នុងតូប ហើយជនសង្ស័យក៏យកដែកអ៊ីណុកជ្រុង១ដើម មានប្រវែង១ម៉ែត្រ៣តឹក ទៅវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ពេលនោះក៏ត្រូវបានឈ្មោះ ប៊ិន ស្រីអែម ឃើញដូច្នោះក៏យកដែកអ៊ីណុកមូល មកឲ្យជនរងគ្រោះក៏វាយប្រតាយប្រតប់គ្នាបន្តទៀត បណ្តាលឲ្យជនរងគ្រោះរបួសត្រង់ថ្ងាសចំហៀងខាងឆ្វេង និងរបួសដាច់រលាត់ដៃខាងឆ្វេង។ ចំណែកជនសង្ស័យរបួសជាំហើមម្រាមដៃ និងកំភួនដៃខាងឆ្វេង ពេលនោះក៏ត្រូវបានសន្តិសុខយាមផ្សារចាប់គ្នាឃាត់ បន្ទាប់មកក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ បានហៅទូរសព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ហើយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ និងហៅជនរងគ្រោះមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង។

សន្និដ្ឋានរបស់សមត្ថកិច្ច រឿងហេតុខាងលើពិតជាករណីហិង្សាដោយចេតនាប្រាកដមែន៕

មតិយោបល់