ព័ត៌មានជាតិ

Update៖ យុវជនដែលសន្លប់ពេលកំពុងប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យទួលទំពូង ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយ

ភ្នំពេញៈ យុវសិស្សម្នាក់ បានដួលសន្លប់បាត់ស្មារតី ខណៈដែលកំពុងតែធ្វើការប្រឡងបាក់ឌុបនៅក្នុងថ្ងៃទី១ របស់ខ្លួន ទំនងជាមិនបានហូបអីមកពីផ្ទះមុនពេលចូលមកប្រលង បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសាលាវិទ្យាល័យទួលទំពូង។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាល័យទួលទំពូង ផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា យុវសិស្សរងគ្រោះមានឈ្មោះ សន ផានិត អាយុ១៨ឆ្នាំ មកពីសាលាវិទ្យាល័យបឹងត្របែក ស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ក្រោយពីចប់ការប្រឡងមុខវិជ្ជាទី១ គឺមុខវិជ្ជាប្រវត្តិវិទ្យា និងចេញលេងនោះ លុះដល់មុខវិជ្ជាទី២ ជាមុខវិជ្ជាជីវវិទ្យាបន្តបានបន្តិចនោះ ក៏ស្រាប់តែយុវសិស្សខាងលើមានអាការៈទន់ដៃជើង និងសន្លប់បាត់ស្មារតីតែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក្រុមគ្រូពេទ្យដែលលនៅប្រចាំការនៅមណ្ឌលប្រលងខាងលើនាំគ្នាជួយធ្វើការសង្គ្រោះដែរ តែដោយសារតែសភាពជម្ងឺធ្ងន់ធ្ងរនោះ ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតតែម្តង។

ពាក់ពន្ធទៅនឹងករណីយុវសិស្សរងគ្រោះខាងលើដួលសន្លប់ខាងលើនេះដែរ កម្លាំងមានសមត្ថកិច្ចអះអាងថា ទំនងបណ្តាលរូបគេមិនបានហូបអីមកពីផ្ទះ និងមានអាការៈហេវហត់ខ្លាំងហើយ បានជាបណ្តាលឲ្យខ្យល់ដួលសន្លប់បែបនេះ ហើយក៏កំពុងតែបន្តធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតនៅឡើយ៕

មតិយោបល់