កណ្តាលៈ កូនចិត្តអប្រិយម្នាក់ខឹងសុំលុយម្តាយ២ពាន់រៀលមិនបាន សម្រេចចិត្តដាក់គន្លឹះផ្ទះដុតចោលប៉ងសម្លាប់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ជាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ផ្ទះបណ្តាលឲ្យឆេះអស់ផ្ទះ១ខ្នង ធ្វើពីឈើប្រក់សង្ក័សី ជញ្ជាំងក្តារក្រាលក្តារ បណ្តោយ៥,៥ម៉ែត្រគុណ៧,៥ម៉ែត្រ និងរាលដាលឆេះជញ្ជាំងផ្ទះមួយចំហៀងបណ្តោយ៩,៥ម៉ែត្រ។
នគរបាលបានបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោង៤រសៀល ឈ្មោះមាស សារ៉ាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសុំលុយម្តាយរបស់ខ្លួនឈ្មោះ អ៊ុ សឿនចំនួន២,០០០រៀល មិនឲ្យក៏ខ្ទាស់គន្លឹះដុតសម្លាប់ខ្លួនឯង តែបានបងទៅជួយទាន់ពេល ក៏ឆេះតែផ្ទះជីដូនខ្លួនឯងឈ្មោះយាវ ស៊ន ភេទស្រី អាយុ៨១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើពីឈើ ប្រក់ស័ង្កសី ឆេះទាំងស្រុង។ ហើយបានឆេះរាលទៅដល់ផ្ទះឈ្មោះសៀង ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំនៅជិតគ្នាដែលធ្វើពីឈើប្រក់ស័ង្កសី ឆេះអស់ជញ្ជាំងមួយចំហៀង៩.៥ម៉ែត្រ។
ចំពោះករណីនេះ កម្លាំងអគ្គិភ័យស្រុកកៀនស្វាយដឹកនាំដោយលោកអធិការ ប៉ា សំអិត បានជួយអន្តរាគមន៍ពន្លត់ទាន់ពេល ហើយបានចាប់ជនបង្កមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕
មតិយោបល់