ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ការបូបពីស្រ្តីម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេច ត្រូវកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងល្បាត ឃើញឆក់ជាក់ស្ដែង ដេញប្រផាប់ប្រផីង ភ្លាមៗរហូតឃាត់ខ្លួនបាន ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមាត់ប្រឡាយផ្លូវភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់ នៅចំណុចផ្លូវ១៩៨៦ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សុវណ្ណ វិរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ម្ដុំសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីនគរបាលជំនាញបានឲ្យដឹងថា ដោយមានបទបញ្ជាពីថ្នាក់ដឹកនាំ ឲ្យចុះជួយល្បាតតាមមូលដ្ឋាន នៅមុនពេលកើតហេតុ កម្លាំងជំនាញល្បាតរបស់ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានល្បាតក្នុងមូលដ្ឋានងាយរងគ្រោះ ស្រាប់តែមាននារីម្នាក់ កំពុងជិះម៉ូតូ ម៉ាក់វីវ៉ា តាមបណ្ដោយផ្លូវលេខ១៩៨៦ ខណៈនោះមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1IX-1140 ជិះពីក្រោយនារីរងគ្រោះ បានធ្វើសកម្មភាពឆក់ការបូប បានសម្រេច ភ្លាមៗនោះកម្លាំងកំពុងល្បាត បានឃើញហេតុការណ៍នោះ ក៏ដេញប្រផាប់ប្រផីង ពីចំណុចកើតហេតុ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី រហូតដល់មាត់ប្រឡាយទឹក ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទើបឃាត់ខ្លួនសង្ស័យបានសម្រេច ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនតាមនីតិវិធី ចំណែកវត្ថុតាងការបូបនគរបាល បានប្រគល់ជូននារីរងគ្រោះវិញ ៕
មតិយោបល់