ភ្នំពេញៈ រថយន្តសណ្តោងទូកុងទីន័មួយគ្រឿង អ្នកបើកបរបើកលឿនដូចហោះ ដល់ចំណុចផ្លូវកោងបត់ឆ្វេងមិនបន្ថយល្បឿន បណ្តាលឲ្យរថយន្តកាច់ផ្អៀង ក្រឡាប់រ៉ឺម៉កសណ្តោងទូកុងទីន័រក្រឡាប់ផ្ងារជើងច្រង៉ាង បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែងនិងផ្លូវ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ ។
រថយន្តបង្កជាប្រភេទរថយន្តសណ្តោងទូរកុងទីន័ម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3F-0141។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់អោយដឹងថា មុនកើតហេតុ គឺពួកគាត់ឃើញរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំនុចកើតហេតុ ស្ថានភាពផ្លូវកោងហើយរថយន្ដបង្ក បត់ឆ្វេងទៅទិសខាងកើតវិញ មិនបន្ថយល្បឿន បណ្តាលឲ្យរថយន្តកាច់ផ្អៀងទូកុងទីន័រក្រឡាប់ផ្ងារជើងច្រង៉ាង ទៅចំហៀងខាងស្តាំ បណ្តាលឲ្យខូចខាតផ្លូវ២៧១ មួយឆ្នូតធំ និងត្រូវរនាំងដែកមុខធនាគារ ABA បណ្តាលឲ្យខូចខាតមួយកំណាត់ ។ ហើយនៅក្នុងហេតុការណ៍នោះ មិនបង្កអោយនរណាម្នាក់រងរបួសឡើយ គឺខូចខាតតែរថយន្តបង្កតែប៉ុណ្ណោះ ។
បន្ទាប់ពីបង្កហេតុ តៃកុងរថយន្ដបានគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកតែរថយន្តបង្កនៅ និងកន្លែងកើតហេតុ អោយសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក បណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅនៅពេលក្រោយ៕







មតិយោបល់