ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូទាក់ដៃចង្កូតនឹងកញ្ចក់រថយន្តរបស់គេ បណ្តាលឲ្យដួលបោកនឹងថ្នល់ អូសប្រមាណជាង២០ម៉ែត្រ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខអគារសន្តិភាព តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៉ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ គួយ ឆេកូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅម្តុំគីឡូលេខ៩ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានស្រុកកំណើតនៅភូមិជម្រះពេន ស្រុកសំរោង ខេត្តតាកែវ និងជាអ្នកបើកបរម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GC-8309 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះមួយគ្រឿងម៉ាក ZOOMER-X ខាងលើ ចេញមកពីកោះពេជ្រ ប្រញាប់ទៅយកមិត្តភក្តិនៅម្តុំសួនក្តាន់ពីរ ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រ៉ុស្ស៉ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនបោះពួយយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងមិនចាំម៉ាក ដែលបើកបរស្របទិសដៅគ្នា បណ្តាលឲ្យម៉ូតូរងគ្រោះទាក់ដៃចង្កូតនឹងកញ្ចក់រថយន្តដួលបោកនឹងថ្នល់អូសប្រមាណជា២០ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ចំណែកឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសាច់ញាតិរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ និងបានស្រែកទ្រហោយំយ៉ាងគួឲ្យសោកសង្វែក។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំប្រគល់ទៅឲ្យសាច់ញាតិជនរងគ្រោះនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តតាកែវ៕
https://youtu.be/0MOKc2LsvVk
មតិយោបល់