Barcelona បានសម្រេចចិត្តបន្ថែមកម្លាំង ថ្មីជាបន្តទៀត ស្របពេលដែលក្លិបនៅមានចន្លោះខ្វះខាត ដោយត្រៀមនាំយកអតីតសមាជិករបស់ក្រុម Tottenham កីឡាករ Paulinho ក្នុងតម្លៃ ៤០លានអឺរ៉ូ។
Paulinho កំពុងតែត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្លាស់ទៅកាន់ក្រុម Barcelona របស់ប្រទេសអេស្ប៉ាញ។ បើតាមប្រភពពីប្រទេសអេស្ប៉ាញ វិញបានឲ្យដឹងថា កីឡាករប្រេស៊ីល វ័យ ២៩ឆ្នាំ Paulinho ទំនងជាចុះកុងត្រាជាមួយក្រុម Barcelona នៅក្នុងសប្តាហ៍នេះហើយ បន្ទាប់ពីកីឡាកររូបនេះ យល់ព្រមផ្លាស់មកកាន់ក្រុមយក្សអេស្ប៉ាញមួយនេះ។ ជាការពិតណាស់ Paulinho គឺជាអតីតសមាជិកមួយរូប របស់ក្រុម មាន់ខ្នាយមាស Tottenham Hotspur ក្នុងអំឡុងឆ្នាំ ២០១៣-២០១៥ ដោយទិញពីក្រុម Corinthians ក្នុងតម្លៃ ១៧លានផោន ខណៈដែលឆ្នាំ ២០១៥ កីឡាករប្រេស៊ីលរូបនេះ បានចាកចេញពីលីគកំពូកអង់គ្លេស ដើម្បីទៅចូលរួមជាមួយក្រុម Guangzhou Evergrande របស់ប្រទេសចិន។
ក្នុងការប្រកបអាជីព នៅចិននេះដែរ កីឡាកររូបនេះ បង្ហាញខ្លួនបាន ៩៥ប្រកួត ស៊ុតបាន ២៥គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៥គ្រាប់ផងដែរ។ យ៉ាងណាវិញ Paulinho កំពុងតែក្លាយជាទីចាប់អារម្មណ៍របស់ក្រុម Barcelona ដែលក្រោយពីការចាកចេញរបស់ Neymar ក្រុមអេស្ប៉ាញមួយនេះ មិនទាន់រកបានកីឡាករល្អដូចឬប្រហាក់ប្រហែលនៅឡើយទេ។ ម្យ៉ាងវិញទៀត Barcelona បានបរាជ័យ ក្នុងការតាមប្រមាញ់ Philippe Coutinho របស់ក្រុមហង្សក្រហម Liverpool និង Ousmane Dembele របស់ក្រុម Dortmund ។
ដូច្នេះហើយ ក្រុម Barcelona បានដាក់គោលដៅ ក្នុងការតាមទិញ Paulinho ឲ្យបានក្នុងសប្តាហ៍នេះ ក្នុងតម្លៃ ៤០លសនអឺរ៉ូ ពីក្រុម Guangzhou ដើម្បីប៉ះប៉ូវ ការបរាជ័យ របស់ក្រុមយក្សអេស្ប៉ាញមួយនេះ នាពេលកន្លងមក។
មតិយោបល់