ព័ត៌មានអន្តរជាតិ

លោក គឹម ជុងអ៊ុន៖ សរសើរកងកម្លាំងយោធាខ្លួន សម្រាប់ផែនការវាយប្រហារមីស៊ីល ទៅកាន់ទឹកដីអាមេរិក

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានកោតសរសើរកងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួន ជុំវិញការធ្វើផែនការលម្អិត សម្រាប់ការវាយប្រហារគ្រាប់មីស៊ីល ប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

ប្រភពដដែរ បានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបញ្ជាកងកម្លាំងយុទ្ធសាស្រ្តរបស់ខ្លួន កាលពីថ្ងៃចន្ទ ជាមួយនឹងការស្តាប់របាយការណ៍ពីកងកម្លាំង ស្តីពីការរៀបចំរបស់ពួកគេ ក្នុងការអនុវត្តផែនការវាយប្រហារមីស៊ីល ទៅកាន់កោះហ្គាម។

ក្នុងនោះមេដឹកនាំកំពូលកូរ៉េខាងជើង ក៏បាននិយាយផងដែរថា «បើចង់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាមេរិកត្រូវតែបញ្ឈប់សកម្មភាពបង្កហេតុភ្លាមៗ រួមទាំងការទាមទារឯកតោភាគី ប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង។

សូមជំរាបថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមប្រើវិធានការក្ដៅៗ ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក ដើម្បីចាត់ការរដ្ឋាភិបាលកូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាង មិនព្រមបញ្ឈប់សកម្មភាពបង្កហេតុ ប្រឆាំងជាមួយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

មតិយោបល់