ព័ត៌មានជាតិ

អាណិតណាស់! ផ្ទះក៏ត្រូវភ្លើងឆេះ កូនប្រុសដែលមានសតិមិនសូវគ្រប់ ក៏ស្លាប់!..

បាត់ដំបងៈ ពិតជាគួរឲ្យអាណិតណាស់ បន្ទាប់ពីផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង និងបានឆេះដោយទាំងកូនប្រុសរបស់ម្ចាស់ផ្ទះម្នាក់ទៀត បណ្តាលឲ្យខ្លោចស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៥០នាទី ថ្ងៃត្រង់ ស្ថិតក្នុងភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះដែលមានទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងប្រក់ស័ង្កសី មានរៀបថ្មក្រោម អស់ទាំងស្រុង ហើយអ្វីដែលគួរឲ្យតក់ស្លុតទៀតនោះគឺបណ្ដាលឲ្យកូនប្រុសម្ចាស់ផ្ទះម្នាក់បានស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអាធ័មផងដែរ។

ម្ចាស់ផ្ទះខាងលើនេះមានឈ្មោះ ឈាន ច្រិ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ។ រីឯជនរងគ្រោះដែលស្លាប់មានឈ្មោះ ច្រិ គឹមលាង ភេទប្រុស អាយុ១៥ឆ្នាំ ជាមនុស្សសតិមិនសូវគ្រប់ ហើយក្នុងពេលកើតហេតុនោះ គឺមិនអាចរត់ចេញរួច ទើបត្រូវភ្លើងឆេះតែម្ដង។

ចំណែកមូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡើយនោះទេ ព្រោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់