ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រេងដឹកជញ្ជូនបុកនិងកិនម៉ូតូណៃហតរបស់បុគ្គលិកធនាគារជាតិពេញទំហឹង សំណាងអ្នកជិះម៉ូតូលោតចេញទាន់!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធន់ធំ របស់ក្រុមហ៊ុនស្រេង ដឹកជញ្ជូន បានបើកខ្វះការប្រុងប្រយត្ន័ឃើញភ្លើងស្តុបមិនព្រមឈប់ បែរជាជ្រុលទៅបុកម៉ូតូណៃហត ដែលកំពុងជិះដោយបុគ្គលិកធនាគារជាតិ នៅខាងមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូនាំគ្នាលោតចេញពីលើម៉ូតូរងរបួសស្រាល ចំណែកម៉ូតូវិញត្រូវរថយន្តបុកនិងកិនជាប់នៅខាងមុខ រងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីភាគីអ្នកបើកបរម៉ូតូបានឲ្យដឹងថា គាត់ជាបុគ្គលិកធ្វើការនៅធនាគារជាតិ ហើយនៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ35 1-0001 ជិះឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូរបស់គាត់បានឈប់ព្រោះភ្លើងស្តុបពណ៌ក្រហម ខណៈនោះស្រាប់តែមានរថយន្តរបស់ក្រុមហ៊ុនស្រេងដឹកជញ្ជូន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1354 បើកមកមិនប្រយត្ន័ឃើញដូចនោះពួកគាត់បានគោះឡានឲ្យឈប់ តែមិនឈប់បែរជាជ្រុលមកបុកម៉ូតូរបស់គាត់ពេញទំហឹង សំណាងណាស់ពួកគាត់ដឹងទាន់ក៏នាំគ្នាលោតចេញពីលើម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូត្រូវបានរថយន្តបុកនិងកិនជាប់នៅខាងមុខរថយន្តបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុហើយនោះ គេសង្កេតឃើញភាគីទាំងសងខាង បានធ្វើការដោះស្រាយនិងសម្របសម្រួលគ្នានៅនឹងកន្លែងផងដែរ ដោយមិនរំខានទៅដល់សមត្ថកិច្ចចរាចរណ៍មូលដ្ឋាននោះទេ៕

មតិយោបល់