ព័ត៌មានជាតិ

កម្មករកម្មការិនីដួលសន្លប់ជាង៤០នាក់ សង្ស័យតក់ស្លុតតាមគ្នាក្នុងរោងចក្រកាត់ដេរLUCIDA !…

ភ្នំពេញៈ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោLUCIDA ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យចំនួន៤៨នាក់ ក្នុងចំណោម៤០០នាក់ត្រូវបានតំណាង រោងចក្រមួយនោះដឹកតាមរថយន្តបញ្ជូនទៅកាន់គ្លីនិក មូលមិត្ត ដើម្បីសង្គ្រោះបន្ទាន់ ក្រោយពេលដែលពួកគេ កំពុងធ្វើការសុខៗ ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់គ្នា។

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលននេះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទី រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

តាមប្រភពព័ត៌មានពីកម្មករកម្មការនីដែលបម្រើការងារក្នុងរោងចក្រនោះបាននិយាយថា ព្រោះគេមិនបានដឹងថាមានមូលហេតុអ្វីទើបមានអ្នកដួលសន្លប់បែបនេះទេ ព្រោះជាច្រើនឆ្នាំកន្លងមកហើយមិនដែលមានបញ្ហាបែបនេះកើតឡើងម្ដងណាឡើង ដោយឡែកនៅមុនពេល ថ្ងៃកើតហេតុ ក្រោយពេលហូបបាយថ្ងៃត្រង់រួច ពួកគេបានចូលទៅធ្វើការជាធម្មតា។ ហើយនៅក្នុងពេល កំពុងធ្វើការសុខៗ ស្រាប់តែមានកម្មការិនីម្នាក់ដួលសន្លប់ដោយមិនដឹងមូលហេតុ ដែលជាហេតុធ្វើឲ្យអ្នកផ្សេងមានការភ្ញាក់ផ្អើល និងតក់ស្លុតរួចក៏បានដួលសន្លប់តាមគ្នាជាបន្តបន្ទាប់តែម្ដង។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងខណៈនោះសរុបកម្មការិនីដួលសន្លប់មានចំនួន៤៨នាក់ ពួកគេត្រូវបានតំណាងរោងចក្រកាត់ដេរមួយនេះ ដឹកតាមរថយន្តទៅកាន់គ្លីនិកយីហោ មូលមិត្ត ដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកកម្មករកម្មការិនីដែលមិនបានដួលសន្លប់នោះ ត្រូវបានថៅកែរោងចក្រអនុញ្ញាតឲ្យឈប់សម្រាក និងបានវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយរោងចក្រនេះមិនបានដំណើរការតទៅទៀតនោះទេនៅក្នុងថ្ងៃនោះ គឺបានបិទទ្វារជាបណ្ដោះអាសន្នផងដែរ ព្រោះប្រសិនបើនៅតែដំណើរការប្រាកដជាមានអ្នកដួលសន្លប់បន្តទៀតមិនខានឡើយ។

ក្រោយពេលកើតហេតុកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់ទីនោះផងដែរ ប៉ុន្តែនៅមិនទាន់ដឹងពីមូលហេតុនោះឡើយ ដោយគ្រាន់តែសង្ស័យថាពួកគេមានកម្លាំងខ្សោយ បូករួមជាមួយអារម្មណ៍ភ័យតក់ស្លុត ក៏បានដួលសន្លប់តៗគ្នាតែម្ដង ហើយពួកគេមានអាការៈតឹងទ្រូង វិលមុខទើបដួលសន្លាប់បែបនេះ៕

https://youtu.be/lEMPMa8xJ2I

មតិយោបល់